ទីក្រុងគូឡាឡាំពួរ៖ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា និងម៉ាឡេស៊ី បានឈានដល់កម្រិតថ្មីមួយ តាមរយៈការចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (TOR) ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់ប្រតិភូជាន់ខ្ពស់កម្ពុជា នៅប្រទេសម៉ាឡេស៊ី។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម DATO’ SERI MOHAMED KHALED NORDIN រដ្ឋមន្រ្តីក្រសួងការពារជាតិម៉ាឡេស៊ី។ ព្រមជាមួយគ្នានេះ ឯកឧត្តម ក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI DATO’ SERI MUHAMMAD HAFIZUDDEAIN BIN JANTAN មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី។

ចំណុចសំខាន់នៃកិច្ចពិភាក្សាទ្វេភាគី គឺការសម្រេចចុះហត្ថលេខារួមគ្នាលើ ឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកទាំងពីរ។

ឯកសារ TOR នេះ មានគោលបំណងចម្បងដើម្បី៖

  • ពង្រឹង និងពង្រីកចំណងមិត្តភាព ឱ្យកាន់តែជិតស្និទ្ធ យូរអង្វែង និងប្រកបដោយទំនុកចិត្ត។
  • ចូលរួមចំណែកថែរក្សាសន្តិភាព នៅក្នុងតំបន់។
  • ផ្តោតលើសកម្មភាពជាក់ស្តែងរួមគ្នា រួមមាន៖ ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ការហ្វឹកហ្វឺន-បណ្តុះបណ្តាល ការធ្វើលំហាត់រួមគ្នា និងវិស័យផ្សេងៗទៀតដែលផ្តល់ប្រយោជន៍ដល់កងទ័ពជើងគោកទាំងពីរ។

សមភាគីទាំងពីរបានចាត់ទុកវឌ្ឍនភាពនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃកិច្ចទំនាក់ទំនងទ្វេភាគីកម្រិតកងទ័ពជើងគោក។ ឯកសារ TOR នឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់ត្រួសត្រាយផ្លូវឆ្ពោះទៅពង្រឹង និងពង្រីកសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែងនានាសម្រាប់ពេលអនាគត។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានអញ្ជើញទស្សនកិច្ចនៅអង្គភាពកងពលតូច ទ័ពពិសេសឆ័ត្រយោងលេខ១០ នៃកងទ័ពជើងគោកម៉ាឡេស៊ី ដើម្បីស្វែងយល់ពីកិច្ចការងាររបស់អង្គភាពនេះ៕

អត្ថបទ៖ត្រយង

Share.