មើលលើការចេញផ្សាយរបស់សារព័ត៌មាន BBC នៅព្រឹកថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២៥ បានឱ្យដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ រួមជាមួយមេដឹកនាំពិភពលោកជាច្រើនរូបទៀត បានចុះហត្ថលេខាជាផ្លូវការលើ កិច្ចព្រមព្រៀងសន្តិភាពដ៏សំខាន់មួយដើម្បីបញ្ចប់សង្គ្រាមបង្ហូរឈាមអូសបន្លាយពេលជាង ២ ឆ្នាំនៅតំបន់ ហ្គាហ្សា។

ស្ថិតនៅក្នុងប្រទេសអេហ្ស៊ីបដើមសប្ដាហ៍នេះ លោកប្រធានាធិបតី ត្រាំ បានថ្លែងដោយរំភើបថា តើអ្នកជឿទេថា រឿងនេះ ត្រូវចំណាយពេលប្រហែល ៣,០០០ ឆ្នាំ ដើម្បីអាចឈានដល់ចំណុចនេះ។ ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ ត្រូវបានរំពឹងថានឹងប្រព្រឹត្តទៅដោយរលូន និងនាំមកនូវសន្តិភាពយូរអង្វែង។
យោងតាមកិច្ចព្រមព្រៀងនេះ ដំណាក់កាលបន្ទាប់នឹងផ្តោតសំខាន់លើ ការកសាងតំបន់ហ្គាហ្សាឡើងវិញ ការស្តារឡើងវិញនូវសេវាជាមូលដ្ឋាន ការរក្សាសន្តិសុខ និងស្ថិរភាព ដែលស្ថិតក្នុងផែនការដំណាក់កាលបន្តបន្ទាប់ និងការចូលរួមរបស់អន្តរជាតិ។
យ៉ាងណាមិញ ដើម្បីធានាបាននូវការអនុវត្តបទឈប់បាញ់ និងសន្តិសុខប្រព័ន្ធអន្តរជាតិ បងធំសេដ្ឋកិច្ចនៅលើពិភពលោករូបនេះ បានដាក់ពង្រាយទាហានអាមេរិក ប្រមាណ ២០០ នាក់ ក្នុងការជួយត្រួតពិនិត្យបទឈប់បាញ់។ ក្រុមអន្តរជាតិ និង ក្រុមប្រឹក្សាប៉ាឡេស្ទីនបណ្តោះអាសន្ន នឹងទទួលបន្ទុកត្រួតពិនិត្យជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

ការរឹបអូសអាវុធ និងការគ្រប់គ្រងរបស់អាជ្ញាធរប៉ាឡេស្ទីនវិញ ក៏ជាចំណុចគន្លឹះនៃកិច្ចព្រមព្រៀងនេះ គឺគ្រឿងប្រដាប់អាវុធទាំងអស់របស់ក្រុម ហាម៉ាស់ នឹងត្រូវរឹបអូស ដែលនេះជាលក្ខខណ្ឌដ៏តឹងរ៉ឹងមួយ ដើម្បីផ្តល់សិទ្ធិឱ្យ អាជ្ញាធរប៉ាឡេស្ទីន អាចគ្រប់គ្រងតំបន់ហ្គាហ្សាឡើងវិញបានទាំងស្រុង លុះត្រាតែបទឈប់បាញ់នៅតែអាចរក្សាបានជាបន្តបន្ទាប់។
សូមជម្រាបថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានគូសបញ្ជាក់ធ្ងន់ៗថា កិច្ចព្រមព្រៀងនេះ គឺជាការចាប់ផ្តើមនៃសន្តិភាពដ៏យូរអង្វែង និងភាពសុខដុមរមនានៅក្នុងតំបន់ ដោយបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ចំពោះអនាគតនៃតំបន់មជ្ឈិមបូព៌ា៕
