(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យឯកឧត្តម Dato Seri’ Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ នៃសហព័ន្ធម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជំនួបនេះបានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ីឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើនបន្ថែមទៀត។

ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសង្គម

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរឹងមាំរវាងប្រទេសទាំងពីរ មិនត្រឹមតែនយោបាយទេ តែក៏រឹងមាំរវាងប្រជាជន និងប្រជាជនផងដែរ។ ឯកឧត្តមបានស្នើជំរុញវិស័យសំខាន់ៗមួយចំនួន៖

  • អាហារហាឡាល់៖ ជំរុញឱ្យវិស័យនេះលេចចេញជារូបរាង និងរីកចម្រើននៅកម្ពុជា ព្រមទាំងបង្កើតគណៈកម្មការដើម្បីសិក្សា និងអនុវត្តការងារនេះ។
  • ទេសចរណ៍ និងសុខាភិបាល៖ ពង្រីកទំនាក់ទំនងទេសចរណ៍រវាងប្រទេសទាំងពីរ ដោយម៉ាឡេស៊ីត្រៀមខ្លួនទទួលទេសចរកម្ពុជា ជាពិសេសទេសចរណ៍សុខាភិបាលទៅពិនិត្យ និងព្យាបាលសុខភាព។ ម៉ាឡេស៊ីក៏នឹងពិនិត្យលទ្ធភាពបង្កើតមន្ទីរពេទ្យម៉ាឡេស៊ីនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការពង្រីកទំនាក់ទំនងទ្វេភាគី ក្នុងនោះរួមទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ សម្តេចបានជំរុញឱ្យរដ្ឋាភិបាលប្រទេសទាំងពីរបង្កើនទំហំពាណិជ្ជកម្មបន្ថែមទៀត និងបានអរគុណម៉ាឡេស៊ីដែលជាប្រទេសទី១ ទិញអង្ករពីកម្ពុជាច្រើនជាងគេ (៧ម៉ឺនតោនកាលពីឆ្នាំ២០២៤) ហើយសង្ឃឹមថា នឹងបន្តទិញផលិតផលកសិកម្មផ្សេងទៀត។

ចំពោះទេសចរណ៍សុខាភិបាល សម្តេចតេជោបានផ្តល់យោបល់ថា ម៉ាឡេស៊ីគួរតែបង្កើតមជ្ឈមណ្ឌលផ្តល់ព័ត៌មាននៅកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋកម្ពុជាក្នុងការស្វែងយល់ និងជ្រើសរើសសេវាព្យាបាលនៅម៉ាឡេស៊ី។ ចំណែកវិស័យអាហារហាឡាល់ សម្តេចសង្ឃឹមថា នឹងលេចចេញជារូបរាងឆាប់ៗនេះ តាមរយៈកិច្ចសហការប្រទេសទាំងពីរ។

បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ

ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានពន្យល់ដល់ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំពីស្ថានភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ រួមទាំងបច្ចុប្បន្នភាពនៃការចាក់សំឡេងរំខានដល់ប្រជាពលរដ្ឋកម្ពុជានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលបានកើតឡើងរយៈពេលប្រមាណ ៤យប់មកហើយ។

សម្តេចបានបញ្ជាក់ថា កម្ពុជាមិនត្រូវការឱ្យសម្ព័ន្ធមិត្ត ឬមិត្តរបស់កម្ពុជាថ្កោលទោសប្រទេសណាទេ ប៉ុន្តែអ្វីដែលកម្ពុជាចង់បានគឺការជំរុញឱ្យភាគីទាំងពីរគោរពបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព និងស្វែងរកដំណោះស្រាយដើម្បីស្តារប្រក្រតីភាពទំនាក់ទំនងរវាងកម្ពុជា និងថៃឡើងវិញ។

សម្ដេចតេជោក៏បានថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមចំណែកដោះស្រាយបញ្ហារវាងកម្ពុជា និងថៃ ក្នុងឋានៈឯកឧត្តមជាប្រធានអាស៊ាន។

ជាចុងក្រោយ សម្តេចតេជោក៏បានលើកឡើងពីបញ្ហាមីយ៉ាន់ម៉ា និងទីម័រឡេស្ដេ ដែលម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ាន នឹងជួយសម្រួលឱ្យទីម័រឡេស្ដេចូលជាសមាជិកអាស៊ានពេញសិទ្ធិក្នុងពេលឆាប់ៗនេះផងដែរ៕

អត្ថបទ៖ត្រយង

Share.