ក្នុងឱកាសសន្និសីទលើកទី២ស្ដីពី «យន្តការសុវត្ថិភាពចំណីអាហារនាំចេញ និងនាំចូលសម្រាប់ប្រទេសជា សមាជិកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ» កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុង សៀងហៃ ប្រទេសចិន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើឯកសារក្រមប្រតិបត្តិស្ដីពី «យន្តការសហប្រតិបត្តិការសម្រាប់ការនាំចេញ និងនាំចូលចំណីអាហារ ដែលមានសុវត្ថិភាពសម្រាប់ប្រទេសជាសមាជិក នៃក្របខ័ណ្ឌគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ»។


តាមរយៈការចុះហត្ថលេខាលើឯកសារនេះ កម្ពុជាសម្រេចបាននូវលទ្ធផលផ្លែផ្កាមួយចំនួនដូចជា៖
ទី១. ពន្លឿនការរៀបចំពិធីសារអនាម័យ និងភូតគាមអនាម័យ ក៏ដូចជានីតិវិធីចាំបាច់ដើម្បីសម្រួលឱ្យកសិផលខ្មែរ មួយចំនួនបន្ថែមទៀត ដែលរួមមានអង្ករសំរូប ផ្លែម្នាស់ ផ្លែខ្នុរ ផ្លែទុរេនបង្កក ផ្លែមៀនសម្ងួត សាច់ចម្អិន សំបុកត្រចៀកកាំ និងចំណីសត្វចិញ្ចឹម អាចចូលទៅដល់ទីផ្សារប្រទេសចិន។
ទី២. រៀបចំក្របខ័ណ្ឌក្រុមការងាររួម ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងដោយផ្ទាល់រវាងស្ថាប័ននៃប្រទេសទាំងពីរ សំដៅ ដោះស្រាយបញ្ហារាំងស្ទះកើតឡើងជាយថាហេតុ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ទី៣. ជំរុញនីតិវិធីចុះបញ្ជីជាមួយ GACC ដើម្បីផ្ដល់ភាពងាយស្រួលឱ្យកសិផលពីកសិដ្ឋានខ្នាតតូច អាចមានលទ្ធភាព ចូលទៅកាន់ទីផ្សារប្រទេសចិន ក្នុងលក្ខខណ្ឌដែលកសិដ្ឋានទាំងនោះមានការអនុវត្តកសិកម្មល្អ(GAP)។

លទ្ធផលទាំងនេះ គឺជាជំហានដ៏សំខាន់មួយទៀតក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម និងបើកឱកាសទីផ្សារនាំចេញកសិផលរបស់កសិករកម្ពុជាឱ្យកាន់តែរលូន និងមានប្រសិទ្ធភាព។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវឱ្យកសិករ និងវិស័យឯកជនពាក់ព័ន្ធបន្តការអនុវត្តកសិកម្មល្អ (GAP) ក៏ដូចជាការអនុវត្តផលិតកម្មល្អ (GMP) លើការកែច្នៃ វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូន សំដៅរក្សាគុណភាព និងសុវត្ថិភាពចំណីអាហារ ព្រមទាំងអនុវត្តតាម នីតិវិធីនៃប្រទេសនាំចូល ដើម្បីបង្កើនសក្ដានុពលទីផ្សារកសិ-ចំណីអាហារកម្ពុជា។
សូមជម្រាបថា យន្តការសហប្រតិបត្តិការសម្រាប់ការនាំចេញ និងនាំចូលចំណីអាហារ ដែលមានសុវត្ថិភាពសម្រាប់ប្រទេសជាសមាជិកនៃក្របខ័ណ្ឌគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ មានការចូលរួមពីរដ្ឋមន្ត្រីទទួលបន្ទុកសុវត្ថិភាពចំណីអាហារនៃបណ្ដាប្រទេសជាសមាជិកក្រោមការសម្របសម្រួលរបស់អគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន (GACC) ហើយមានគោលដៅជំរុញការបើកទីផ្សារកសិផល ដែលមានសុវត្ថិភាពទៅ បណ្ដាប្រទេសទាំងនោះឱ្យកាន់តែទូលំទូលាយ ស្របតាមស្តង់ដារអន្តរជាតិ៕



