(ភ្នំពេញ)៖ ពាក់ព័ន្ធករណីឃាតកម្មលើបុរសជនជាតិកូរ៉េខាងត្បូងនៅខេត្តកំពត តុលាការបានសម្រេចឃុំខ្លួនបណ្ដោះអាសន្នចំពោះជនល្មើស ៣ នាក់ ដើម្បីស្វែងរកយុត្តិធម៌ជូនដល់គ្រួសារនៃសព។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ នេះ។

យោងតាមរបាយការណ៍លទ្ធផលប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងខណៈដែលនគរបាលចុះល្បាតជំនាញ បានប្រទះឃើញរថយន្តដឹកសាកសពមួយគ្រឿង ក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត វេលាម៉ោង ០២:០០ នាទី រំលងអធ្រាត្រ ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៥។ ភ្លាមនោះ នគរបាលបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ២ នាក់ ដែលទី ១. ឈ្មោះ LI XINGPENG ហៅ YOU FU ភេទប្រុស អាយុ ៣៥ ឆ្នាំ និងទី ២. ឈ្មោះ ZHU RENZHE ហៅ CHEA KER ភេទប្រុស អាយុ ៤៣ ឆ្នាំ ដែលក្នុងនោះម្នាក់ជាអ្នកបើកបរ និងម្នាក់ទៀតរួមដំណើរដឹកសព។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ប៉ាជា ភេទប្រុស អាយុប្រហែល ៣៥ ឆ្នាំ បានរត់គេចខ្លួន។

ក្រោយពិនិត្យអត្តសញ្ញាណ ឃើញថា សពឈ្មោះ PARK MINHO ភេទប្រុស អាយុ ២២ ឆ្នាំ ជា និស្សិតជនជាតិកូរ៉េខាងត្បូង បានធ្វើដំណើរមកដល់កម្ពុជា នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥។ បន្ទាប់ពីការធ្វើកោសល្យវិច័យបឋមរកឃើញថា សពជនរងគ្រោះបានស្លាប់ដោយគាំងបេះដូង ដែលបណ្ដាលមកពីការធ្វើទារុណកម្ម ដោយមានស្នាមជាំជាច្រើនកន្លែងលើរាងកាយ។

អង្គហេតុនេះបញ្ជាក់ថា នគរបាលកម្ពុជាពុំបានទទួលព័ត៌មាន ឬបណ្ដឹងពីក្រុមគ្រួសារសព ឬក៏ពីស្ថានទូតកូរ៉េខាងត្បូង ដូចការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ដែលថា គ្រួសារសពបានស្វែងរកកិច្ចអន្តរាគមន៍ជួយសង្គ្រោះ តាមរយៈស្ថានទូត និងនគរបាលមូលដ្ឋាននោះទេ។

តាមការវិភាគជំនាញ អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ដឹកនាំកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត បានបន្តស៊ើបអង្កេត និងឈានទៅបង្ក្រាបផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ដែលជាកន្លែងស្នាក់នៅរបស់ជនរងគ្រោះមុនពេលស្លាប់ និងជាទីតាំងដែលត្រូវបានកំណត់មុខសញ្ញាថា មានសកម្មភាពអនឡាញខុសច្បាប់។

ក្នុងការបង្ក្រាបនោះ នគរបាលបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ LIU HAOXING ហៅ TA THOV ភេទប្រុស អាយុ ២៩ ឆ្នាំ ដែលជាអ្នកគ្រប់គ្រងអគារ និងបានដកហូតសម្ភារវត្ថុតាងពាក់ព័ន្ធមួយចំនួន។ ដោយឡែក ជនសង្ស័យម្នាក់ទៀតឈ្មោះ ហាយ ភេទប្រុស ជនជាតិចិន អាយុប្រហែល ៣០ ឆ្នាំ បានរត់គេចខ្លួនបាត់។

ក្រោយពីការប្រមូលភស្តុតាង ការស្តាប់ចម្លើយជនសង្ស័យ ការបំពេញកិច្ចការជំនាញស្របតាមនីតិវិធីកំណត់ដោយច្បាប់, នគរបាលយុត្តិធម៌ បានកសាងសំណុំរឿងយ៉ាងមូល និងគ្រប់ជ្រុងជ្រោយ ព្រមទាំងបញ្ជូនជនសង្ស័យទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពត នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ ដើម្បីបន្តនីតិវិធី។

ក្រោយបំពេញនីតិវិធីស៊ើបអង្កេត ផ្ទៀងផ្ទាត់ភស្តុតាង និងស្តាប់ចម្លើយជនសង្ស័យទាំងបីនាក់ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនសង្ស័យទាំងនោះ និងបក្ខពួកចំនួន ២ នាក់ទៀត ពីបទ ឃាតកម្មដោយអំពើឃោរឃៅ និងបទ ឆបោក (តាមប្រព័ន្ធបច្ចេកវិទ្យា) ក្នុងមាត្រា ២០៥, មាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ៕

អត្ថបទ៖ត្រយង

Share.