គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានបញ្ជាក់អំពីសុវត្ថិភាព និងសុខភាពល្អរបស់នាយទាហានកងយោធពលខេមរភូមិន្ទ ១៨ រូប ដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់យោធាថៃ បន្ទាប់ពីការចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារបញ្ជាការដ្ឋានសមរភូមិព័ត៌មាន ជាមួយនឹងគណៈប្រតិភូ ICRC ដឹកនាំដោយលោក Jurg Montani ប្រធានប្រតិភូ ICRC ប្រចាំភូមិភាគ នៅទីស្តីការក្រសួងការពារជាតិ។
លោក Jurg Montani បានចែករំលែកព័ត៌មានអំពីការចុះសួរសុខទុក្ខជាលើកទី៣ របស់ ICRC ចំពោះនាយទាហានទាំង ១៨ រូប។ តាមរយៈការចុះសួរសុខទុក្ខនេះ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានបញ្ជាក់ថា ទាហានកម្ពុជាទាំង ១៨ រូប គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។
ជាមួយគ្នានេះ លោក Jurg Montani ក៏បានបញ្ជាក់បន្ថែមថា លោកបានប្រគល់ជូនលិខិតដំណឹងគ្រួសាររបស់យុទ្ធជនទាំង ១៨ រូប សម្រាប់ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ជាលើកទី២ តាមរយៈការសម្របសម្រួលរបស់កាកបាទក្រហមកម្ពុជា។
សូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃដោះលែងកងកម្លាំងរបស់យើងទាំង ១៨ នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
ក្រសួងការពារជាតិបានអះអាងសារជាថ្មីថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕



អត្ថបទ៖ត្រយង