ភ្នំពេញ៖ រសៀល​ថ្ងៃ​ទី​១៤ខែ​តុលា​ឆ្នាំ​២០២៥​ លោក​ តុប​ ឈុន​សុង​ ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​និង​លោក​ លឹម​ ប៊ុន​ហេង​ ជា​តំណាង​អយ្យការ​ បាន​សម្រេច​ធ្វើ​ការ​ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​លើ​ជន​ជាប់​ចោទ​ឈ្មោះ​ ហ៊ុន​ ហេង​ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ ដាក់​ពន្ធនាគារ​កំណត់​៣ឆ្នាំ​ តែ​អនុវត្ត​១ឆ្នាំ​ ទោស​សល់​ព្យួរ​​ និង​ពិន័យ​ជា​ទឹកប្រាក់​ ៤លាន​រៀល​ ​ពី​បទ​ បេីក​បរបង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​មាន​របួស ​និង​ស្លាប់​អ្នក​ដទៃ​ សាលក្រម​នេះ​ទុក​សិទ្ធិ​ឱ្យជន​ជាប់​ចោទ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​។

គួររំលឹក​ថា​ លោក ឆែ វិវឌ្ឍនៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះ ហ៊ុន ហេង អក្សរឡាតាំង HUN HENG ភេទប្រុសអាយុ ៦១ឆ្នាំជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិកាច់ត្រក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ អាសយដ្ឋានមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ១០៦ ផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ បើកបរដោយធ្វេសប្រហែស និងស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ ប្រព្រឹត្តនៅចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើមហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៥ តាមបញ្ញត្តិមាត្រា៨៣ កថាខណ្ឌ ២ ចំណុច ខ និង គ និងមាត្រា៨៥ កថាខណ្ឌ ២ ចំណុច ខ និង គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ជនត្រូវចោទឈ្មោះ ហ៊ុន ហេង បានបើកបររថយន្ត១គ្រឿងម៉ាក LEXUS RX400h ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-2188 ស្ថិតក្នុងស្ថានភាពស្រវឹងដែលមានអត្រាជាតិអាកុល ០.៣៥ Mg/L បានបុករះ បណ្ដាលឱ្យបុរសអ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់ ឈ្មោះ រៀន សុនឿន ភេទប្រុស មានអាយុ៤៩ឆ្នាំ ស្លាប់ និងខូចខាតម៉ូតូ១គ្រឿង កង់បីឥណ្ឌា ២គ្រឿង និងរថយន្តព្រុស១គ្រឿង និងអ្នករងរបួសច្រេីននាក់ផ្សេងទៀត៕

អត្ថបទ៖ ចតុម្មុខ

Share.