យោងតាមរយៈការស្រាវជ្រាវ សារព័ត៌មានត្រយងពីបណ្ដាសារព័ត៌មានរបស់ថៃ ដូចជា MGR online , Workpoint, Daily news, បានរកឃើញថា ករណីក្រុមសង្គមងងឹត ក្រុមបងធំកូរ៉េ ក្រុមឧក្រិដ្ឋជនកូរ៉េ បានប្រើប្រាស់ប្រទេសថៃ ជាមូលដ្ឋាន ឬជំរកដើម្បី បោកប្រាស់ បោកបញ្ឆោត ចាប់ជម្រិតប្រជាជនកូរ៉េ ដោយនៅក្នុងឆ្នាំ២០២៥ នេះ គេបានរកឃើញទីតាំងប្រព្រឹត្តិបទល្មើសឧក្រិដ្ឋកម្មជាច្រើនកន្លែងនៅក្នុងប្រទេសនេះ ដោយទំហំប្រត្តិបត្តិនោះមានចរន្តសាច់ប្រាក់គិតជាដុល្លារអាមេរិកមានចំនួនរាប់សិបលាន។

កាលពីអំឡុងមុនខែសីហាឆ្នាំ២០២៥ គេបានរកឃើញផ្ទះជួលមួយកន្លែងនៅក្នុងស្រុកបាងឡាម៉ុង ខេត្តឈុនបុរី គឺជាទីតាំងក្រុមជនជាតិកូរ៉េដែលមានមេខ្លោងឈ្មោះ គីម គូដូ ប្រើប្រាស់ ដើម្បីប្រតិ្តបត្តិការបោកបញ្ឆោតពលរដ្ឋកូរ៉េឱ្យផ្ទេរប្រាក់យ៉ាងច្រើនចូលទៅក្នុងគណនីធនាគារ។ តែមួយទីតាំងនេះគេចាប់បានជនជាតិកូរ៉េចំនួន ១៣នាក់ និងស្ត្រីជនជាតិថៃជាមេផ្ទះ១នាក់ រួមទាំងវត្ថុតាងជាសម្ភារៈកុំព្យូទ័រ២០គ្រឿង។

ឈានចូលមកដល់អំឡុងខែសីហា ចន្លោះពីថ្ងៃទី៥ ដល់ទី៧ ឆ្នាំ២០២៥ ក្រោយមានការប្ដឹងទៅកាន់ស្ថានទូតពីឪពុករបស់បុរសម្នាក់ឈ្មោះ អាន វ័យ ៣១ឆ្នាំ ដែលត្រូវបានមិត្តរួមជាតិបង្ខំឱ្យធ្វើការបោកប្រាស់ វិនិយោគលើភាគហ៊ុន និងត្រូវគេធ្វើបាបរាងកាយ ដោយទីបំផុតគេអាចជួយសង្គ្រោះបុរសរូបនោះបាន ក្រោយចូលឆែកឆេរផ្ទះមួយកន្លែង និងអគារពាណិជ្ជកម្មមួយដែលត្រូវបានច្នៃជាមជ្ឈមណ្ឌលបោកប្រាស់ ឬ ការិយាល័យ Call Center ហើយចាប់ឃាត់ខ្លួនបានជនសង្ស័យ៨នាក់ក្នុងនោះមានកូរ៉េ៧នាក់ និងចិន១នាក់ ជាមួយគ្នានោះរឹបអូសបានភស្តុតាងរួមមានកុំព្យូទ័រយួរដៃ 14 គ្រឿង, កុំព្យូទ័រលើតុ 4 គ្រឿង, និងទូរស័ព្ទដៃ 15 គ្រឿង។
ឈានចូលមកដល់ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ជនជាប់ចោទជនជាតិកូរ៉េចំនួន ១៩នាក់ ត្រូវបានបញ្ជូនចេញពីប្រទេសថៃ ទៅកាត់ទោសនៅប្រទេសកូរ៉េជាប្រទេសកំណើតវិញ។


ការលើកឡើងនេះគ្រាន់តែមួយជ្រុងតូចមួយនៃអំពើឧក្រិដ្ឋកម្មដែលកំពុងរីកដុះដាលនៅក្នុងប្រទេសថៃ ដែលមានក្រុមសង្គមងងឹត ឬបងធំកូរ៉េខាងត្បូងជាមេខ្លោង នៅក្នុងខេត្តមួយនៃប្រទេសថៃ គឺខេត្តឈុនបុរី។
ប៉ុន្តែបើតាមការស្រាវជ្រាវពីទូរទស្សន៍ CNA (ស៊ីន អិន អេ)និង ទូរទស្សន៍ BBC ដែលសុទ្ធសឹងជាប្រព័ន្ធផ្សព្វផ្សាយដ៏ធំកម្រិតអន្តរជាតិ និងគួរឱ្យទុកចិត្តបាន ក៏បានទម្លាយដែរ ពីចំណុចដ៏ខ្មៅកខ្វក់ដែលគេហៅថាឋានសួគ៌នៃប្រទេសថៃ ដោយក្នុងនោះមានការប្រើប្រាស់គ្រឿងញៀន ការជួញដូរផ្លូវភេទ ពេស្យចារ និងអំពើហិង្សា។









ជាពិសេសនោះថៃ ក៏ត្រូវបានគេរកឃើញថាជាទីតាំងដែលក្រុមឆបោក ឬឧក្រិដ្ឋជនអនឡាញល្បីៗលំដាប់ពិភពលោក ដោយមានអ្នកនយោបាយនិងអ្នកមានអំណាចគ្រាក់ៗថៃជាបង្អែក បានប្រើប្រាស់ជាជំរក និងជាមជ្ឈមណ្ឌលកណ្ដាល ដើម្បីប្រត្តិបត្តិការណ៍បោកប្រាស់ មុននឹងចែកចាយទៅកាន់តំបន់ផ្សេងៗទៀត ដោយក្នុងនោះក៏មាន កម្ពុជា ក៏ជាប្រទេសដែលកំពុងតែរងគ្រោះ និងរងនូវការលាបពណ៌ ដោយសារតែការហូរហៀរចូលនៃឧក្រិដ្ឋជន ចិន និងកូរ៉េ ពីប្រទេសថៃផងដែរ៕