ភ្នំពេញ៖ នគរបាលជាតិកម្ពុជាបានទទួលការពង្រឹងសមត្ថភាពយ៉ាងសំខាន់លើចំណេះដឹងមូលដ្ឋានគ្រឹះនៃរូបិយប័ណ្ណគ្រីបតូ (Cryptocurrency) តាមរយៈវគ្គបណ្តុះបណ្តាលដែលរៀបចំឡើងដោយនគរបាលសហព័ន្ធអូស្ត្រាលី (AFP) ក្រោមកម្មវិធីភាពជាដៃគូ មេគង្គ-អូស្ត្រាលី លើឧក្រិដ្ឋកម្មឆ្លងដែន (MAP-TNC)។ កម្មវិធីនេះមានគោលបំណងជួយពង្រឹងសមត្ថភាពក្នុងតំបន់ ដើម្បីទប់ស្កាត់ និងដោះស្រាយបទល្មើសបច្ចេកវិទ្យានៅបណ្តាប្រទេសក្នុងតំបន់មេគង្គ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបញ្ជាក់ថា វគ្គបណ្តុះបណ្តាល “មូលដ្ឋានគ្រឹះនៃរូបិយប័ណ្ណគ្រីបតូ” នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១០ ខែតុលា នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីនគរបាលមកពីខេត្តនានាទូទាំងប្រទេសកម្ពុជា។
ពិធីបើកវគ្គបណ្តុះបណ្តាលជាផ្លូវការនេះ ត្រូវបានដឹកនាំដោយលោកស្រី Rachel Ball មន្ត្រីជាន់ខ្ពស់នៃនគរបាលសហព័ន្ធអូស្ត្រាលី និងលោកឧត្តមសេនីយ៍ទោ សុខ នីត្យា មកពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃនគរបាលជាតិកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះ បានរួមបញ្ចូលគ្នារវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ជាមួយនឹងសកម្មភាពសមអនុវត្តតាមសេណារីយ៉ូ ដើម្បីបង្កើនការយល់ដឹងរបស់សិក្ខាកាមអំពីបរិបទហិរញ្ញវត្ថុឌីជីថល ដែលជាការចាំបាច់ក្នុងការទប់ស្កាត់បទល្មើសបច្ចេកវិទ្យា។ ការចូលរួមយ៉ាងសកម្មរបស់មន្ត្រីនគរបាលពីទូទាំងប្រទេស បានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់នគរបាលជាតិកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានបង្រៀនដោយអ្នកជំនាញពីររូបមកពីនគរបាលសហព័ន្ធអូស្ត្រាលី រួមជាមួយអ្នកជំនាញពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃនគរបាលជាតិកម្ពុជា។ គួរជម្រាបផងដែរថា កម្មវិធីបណ្តុះបណ្តាលនេះក៏ត្រូវបានចែករំលែកដល់បណ្តាប្រទេសក្នុងតំបន់មេគង្គផ្សេងៗទៀតផងដែរ ដើម្បីពង្រីកប្រសិទ្ធភាពនៃការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់៕



អត្ថបទ៖ត្រយង