ភ្នំពេញ ៖ មនុស្សប្រុស ស្រី រាប់រយនាក់ ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះទៅឡោមព័ទ្ធបង្ក្រាប ឃាត់ខ្លួន កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅទីតាំងមួយកន្លែង យុីហោ ពេជ្រលើមេឃ តាមបណ្ដោយផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រហូតដល់ព្រឹកឡើងថ្ងៃដដែល ទើបប្រមូលជនទាំងនោះ ទៅអគ្គស្នងការនគរបាលជាតិ។

តាមប្រភពបានឱ្យដឹងថា ទីតាំងខាងលើ សង្ស័យប្រមូលផ្តុំស្នាក់នៅចឦ្រុះជាតិសាសន៍ ហើយក៏សង្ស័យជាទីតាំងប្រើប្រាស់គ្រឿងញៀនផងដែរ ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឃីង សារ៉ាត សហការជាមួយនគរបាលមូលដ្ឋាន ចុះទៅឡោមព័ទ្ធ បង្ក្រាប តាំងពីវេលាអធ្រាត្រឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ។

កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការ រហូតដល់ព្រឹកថ្ងៃដដែល ទើបសមត្ថកិច្ចប្រមូលដឹកជនទាំងនោះ រួមជាមួយវត្ថុតាង ទៅការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី ។ ចំពោះចំនួនជនត្រូវឃាត់ខ្លួន សមត្ថកិច្ចមិនទាន់ប្រាប់ឱ្យដឹងនៅឡើយទេ៕

អត្ថបទ៖ ​តាតុងសែនជ័យ

Share.