ឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារជំនាញរបស់អគ្គលេខាធិការដ្ឋាន រួមជាមួយតំណាងស្ថាប័នអន្តរជាតិធំៗ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជំរុំគ្រួសារភៀសសឹកនៅ ជំរុំបាត់ថ្កៅ ភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងស្ថានភាពខូចខាតនៃហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាទ្រព្យសម្បត្តិរបស់ពលរដ្ឋតាមព្រំដែនកម្ពុជា–ថៃ ក្នុងក្រុងសំរោង និងស្រុកបន្ទាយអំពិល។

ការចុះពិនិត្យនេះធ្វើឡើងក្រោយពីស្ថានភាពជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានភាពផុយស្រួយអស់រយៈពេលជាង៣ខែ ដែលបណ្តាលឲ្យគ្រួសារជាច្រើនរងផលប៉ះពាល់ និងបណ្តាលឲ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួនខូចខាត។

ក្នុងដំណើរនេះ ក៏មានការទទួលស្វាគមន៍ដោយ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងមានការចូលរួមពីតំណាងស្ថានប័នដៃគូរអភិវឌ្ឍន៍អន្តរជាតិមួយចំនួនដូចជាតំណាង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), កម្មវិធីស្បៀងអាហារពិភពលោក (WFP), ទីភ្នាក់ងារអាល្លឺម៉ងសម្រាប់ការអភិវឌ្ឍ (GIZ), និង អង្គការយូនីសេហ្វ (Unicef) ខណៈតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន មូលនិធិជាតិជំនួយសង្គម, និងក្រសួងផែនការ ផងដែរ។

ឯកឧត្តមអគ្គលេខាធិការបានលើកឡើងថា គោលបំណងនៃដំណើរនេះគឺដើម្បីកំណត់តម្រូវការបឋមរបស់គ្រួសារភៀសសឹក និងធានាថាការជួយសង្គ្រោះសង្គម និងការគាំពារសិទ្ធិរបស់ពលរដ្ឋត្រូវអនុវត្តដោយមានប្រសិទ្ធភាព៕

អត្ថបទ៖ ត្រយងតូច

Share.