ជនជាតិកូរ៉េជាង ៦០នាក់ ដែលត្រូវបានសមត្ថកិច្ចកម្ពុជារកឃើញថាមានជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កំពុងរង់ចាំការបញ្ជូនត្រឡប់ទៅសាធារណរដ្ឋកូរ៉េវិញក្នុងពេលឆាប់ៗនេះ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងជំនួបរវាងឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ជាមួយលោកជំទាវ គីម ជីណា (Kim Jina) អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១៦ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៤ខែ ចុងក្រោយ ឆ្នាំ២០២៥នេះ សមត្ថកិច្ចកម្ពុជាបានបញ្ជូនមេខ្លោងនិងបក្ខពួកសរុប ៧៥នាក់ ទៅតុលាការ និងបានឃាត់ខ្លួនជនសង្ស័យជាង ៣ ៤០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កន្លងមក កម្ពុជាក៏ធ្លាប់បានចាប់ខ្លួន និងបញ្ជូនជនជាតិកូរ៉េចំនួន ១៨០នាក់ ដែលពាក់ព័ន្ធករណីនេះត្រឡប់ទៅសាធារណរដ្ឋកូរ៉េវិញរួចមកហើយ។

លោកជំទាវអនុរដ្ឋមន្ត្រីទី២ កូរ៉េ បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អរបស់អាជ្ញាធរកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការសម្របសម្រួលឱ្យគណៈប្រតិភូរបស់លោកជំទាវចុះពិនិត្យទីតាំង និងត្រៀមបញ្ជូនពលរដ្ឋកូរ៉េទៅប្រទេសកំណើតវិញ។

ភាគីទាំងពីរបានពិភាក្សាលើទិសដៅបន្តសម្រាប់កិច្ចសហប្រតិបត្តិការរួមមាន ការផ្លាស់ប្តូរព័ត៌មាន ការទប់ស្កាត់មុខសញ្ញា និងការសម្របសម្រួលទទួលពលរដ្ឋកូរ៉េត្រឡប់ទៅវិញ។ គណៈប្រតិភូកូរ៉េក៏បានជ្រាបអំពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសឆបោកអនឡាញឱ្យអស់ពីកម្ពុជា ដោយត្រូវស្វែងរកដល់ឬសគល់ និងប្រភពនៃការជាប់ពាក់ព័ន្ធ។ សម្ភារៈរឹបអូសរាប់ពាន់គ្រឿងដូចជា ទូរសព្ទដៃ កុំព្យូទ័រ និងឧបករណ៍អេឡិកត្រូនិច គឺជាភ័ស្តុតាងសំខាន់សម្រាប់វែកមុខបណ្តាញឧក្រិដ្ឋជនទាំងក្នុងនិងក្រៅប្រទេស។

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានសង្កត់ធ្ងន់ថា បញ្ហាឆបោកបច្ចេកវិទ្យាជាបញ្ហាសកលដែលតម្រូវឱ្យមានទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសនីមួយៗ ដើម្បីទប់ស្កាត់ការកកើតឡើងវិញ ឬការផ្លាស់ទីរបស់ក្រុមឧក្រិដ្ឋជន៕

Share.