កំពង់ចាម÷ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ សាលាខេត្តកំពង់ចាម បានរៀបចំសិក្ខាសាលាមួយស្ដីពីការចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ របស់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ និងមន្ត្រីសុខាភិបាលជាង៦០០នាក់ មកពីរាជធានី និងខេត្តចំនួន១០។





ក្នុងអង្គសិក្ខាសាលានេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា បន្ទាប់ពីការ ដាក់ឱ្យអនុវត្តការវាយតម្លៃ របស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ ក្នុង ឆ្នាំ២០២៤ ខេត្តកំពង់ចាម បានបញ្ជូនបេក្ខភាពមន្ទីរពេទ្យបង្អែកចំនួន៥ ចូលរួមក្នុងការវាយតម្លៃ និង ការទទួលស្គាល់ អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល ដោយក្នុងនោះ មន្ទីរ ពេទ្យបង្អែកខេត្តកំពង់ចាម ទទួលបានជ័យលាភីជាអង្គភាពគំរូចំណាត់ថ្នាក់លេខ១ មន្ទីរពេទ្យបង្អែក ស្រុកបាធាយ ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៤ និងស្រុកចំការលើ ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៨ និងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ទទួលបានជ័យលាភីជាអង្គភាពគំរូចំណាត់ថ្នាក់លេខ៩ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សង្ឃឹមជឿជាក់ថា សិក្ខាសាលាថ្ងៃនេះ នឹងទទួលបានពុទ្ធិថ្មីៗ មិនត្រឹមតែចូលរួមក្នុងការអនុវត្តការវាយតម្លៃ នៃការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាលប៉ណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការរៀបចំ ការពង្រឹង កែលំអគុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ នៅតាមមន្ទីរពេទ្យរបស់ខ្លួន ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែក ក្នុងការសម្រេចចក្ខុវិស័យដ៏ពិសិដ្ឋរបស់ប្រមុខ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងដើម្បីត្រៀមលក្ខណៈសម្បត្តិ ក្នុងការចូលរួម ប្រកួតប្រជែង និងផ្តល់សេវាសាធារណៈគំរូ នៅឆ្នាំខាងមុខបន្ថែមទៀត ៕







អត្ថបទ÷ អាចារ្យលាក់