កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យជាតិធំៗចំនួន ២ គឺព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងពីធីបុណ្យឯករាជ្យជាតិ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក នៃគណៈកម្មការថ្នាក់ជាតិ, តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបន្ទុកមណ្ឌលយុវនីតិសម្បទា, តំណាងអយ្យការ ទទួលបន្ទុកមណ្ឌលអប់រំកែប្រែទាំង៤ និងប្រធានមណ្ឌលអប់រំកែប្រែទាំង៤ ព្រមទាំងមន្ត្រីជំនាញមួយចំនួននៃក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ។





គណៈកម្មការថ្នាក់ជាតិ ដែលមានសមាសភាពមកពីក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច និងតំណាងអយ្យការជាដើម បានពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតសរុបចំនួន ១.០៦៤ នាក់ (ស្រី ៧៥ នាក់)។
- សម្រាប់បុណ្យអុំទូក៖ មានទណ្ឌិតស្នើសុំចំនួន ៥៥៣ នាក់ (ស្រី ៤៥ នាក់)។
- សម្រាប់បុណ្យឯករាជ្យជាតិ៖ មានទណ្ឌិតស្នើសុំចំនួន ៥១១ នាក់ (ស្រី ៣០ នាក់)។
សំណើទាំងនេះត្រូវបានទទួលពីពន្ធនាគាររាជធានី-ខេត្តចំនួន ២៤, មណ្ឌលអប់រំកែប្រែ ៤, និងមណ្ឌលយុវនីតិសម្បទា ១។ ក្រៅពីការពិនិត្យបញ្ជីឈ្មោះ គណៈកម្មការក៏បានពិភាក្សាអំពី ស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារ ដើម្បីស្វែងរកដំណោះស្រាយរួមសម្រាប់ដោះស្រាយបញ្ហានេះផងដែរ។
អត្ថបទ៖ ចតុម្មុខ
