ភ្នំពេញ ៖ ជនសង្ស័យចំនួន២០នាក់ ក្រោយពីកម្លាំងសមត្ថកិច្ចបង្ក្រាបចាប់ខ្លួនបានជាបន្តបន្ទាប់ ក្នុងរយៈពេល៥ថ្ងៃ ក្នុងសំណុំរឿងប្រព្រឹត្តល្មើស ប៉ុនប៉ងឃាតកម្ម លួច ប្លន់និងហិង្សា ចំនួន៦ករណីផ្សេងគ្នា ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បង្ហាញមុខ មុខបញ្ជូនទៅតុលាកា នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២០នាក់ ប្រព្រឹត្តល្មើសចំនួន៦ករណីផ្សេងគ្នា ៖ ប៉ុនប៉ងឃាតកម្ម និងអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ប្លន់ ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខភ្នំពេញ 1LQ-5721 មិនបានសម្រេច ដែលប្រព្រឹត្តទៅនៅចំណុច មហាវិថីឈ្នះឈ្នះ ក្រុម១៤ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ហើយកាប់ និងចាក់ ជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។

ករណីទី២ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់ និងកាប់ ប្លន់យកម៉ូតូម៉ាកហុង ដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខភ្នំពេញ 1LM-4711 ចំណុចមុខស្ថានីយប្រេងឥន្ទនៈកាល់តិច ផ្លូវបេតុង៣០ម៉ែត្រ ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពីករណីខាងលើសមត្ថកិច្ចបង្ក្រាបបានដោយឃាត់ជនសង្ស័យចំនួន០៥នាក់ ។

ករណីទី៣ ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ព្រួតគ្នាដេញវាយ គប់ និងកាប់លើជនរងគ្រោះរួចនាំគ្នាកាប់ម៉ូតូបណ្តាលឲ្យខូចខាតចំនួន០២គ្រឿង ប្រព្រឹត្ត នៅចំណុចផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨និងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ។

ករណីទី៤ ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់កាំបិតប៉័ងតោ ដាវកែច្នៃ កាប់លើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ។ឃាត់ជនសង្ស័យចំនួន១១នាក់ ។

ករណីទី៥ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ដោយក្លែងបន្លំជាសមត្ថកិច្ច ប្រើអាវុធខ្លី ម៉ាក Glock (បាញ់គ្រាប់កាំកង់) ប្លន់យកម៉ូតូ ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ១ KO-១២០០មួយគ្រឿង ប្រព្រឹត្តនៅចំណុចផ្លូវចាក់សំរាម ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ឃាត់ជនសង្ស័យចំនួន១នាក់។

ករណីទី៦ ៖ អំពើលួចយកម៉ូតូចំនួន ០៣គ្រឿង ប្រព្រឹត្តនៅចំណុច ផ្ទះជួល ផ្លូវបេតុង ភូមិឈ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០៣និង២៨នាទី ទាបភ្លឺ ឱ្យសមត្ថកិច្ចឃាត់បានចំនួន ៣នាក់ ក្នុងនោះដកហូតវត្ថុតាងរួមមាន ចបជីក , ដងឆ័ត្រ , ត្រសេះ , កាំបិតផ្គាក់ , កាំបិតបុ័ងតោ , ដាវសាំម៉រ៉ៃ , កាំបិតចុងស្រួច , កាំភ្លើងហ្គាស ( ប្រើគ្រាប់កង់ ) , មួកសុវត្ថិភាព , ស្លាកលេខចំនួន ២ នឹងម៉ូតូចំនួន ១០គ្រឿង ៕

អត្ថបទ÷តាតុងសែនជ័យ

Share.