លោក ត្រាំ បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ចិនបានគោរពយើងខ្លាំងណាស់។ ពួកគេកំពុងបង់ប្រាក់យ៉ាងច្រើនមកឱ្យយើងក្នុងទម្រង់ជាពន្ធគយ។ ដូចដែលអ្នកបានដឹង ពួកគេកំពុងបង់ ៥៥ ភាគរយ នោះជាចំនួនដ៏ច្រើនណាស់»។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានចេញសារព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសចិន អំពីលទ្ធភាពនៃការដាក់ពន្ធគយដ៏ខ្ពស់រហូតដល់ ១៥៥ ភាគរយ ចាប់ពីថ្ងៃទី ១ ខែ វិច្ឆិកា តទៅ ប្រសិនបើការចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរបរាជ័យមិនអាចឈានដល់កិច្ចព្រមព្រៀងបាន។
ថ្លែងនៅឯសេតវិមាន អំឡុងកិច្ចប្រជុំកម្រិតខ្ពស់ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អង់តូនី អាល់បានីស (Anthony Albanese) លោក ត្រាំ ទោះបីជាមានភាពតានតឹងផ្នែកពាណិជ្ជកម្មក៏ដោយ ក៏បានបញ្ជាក់ថា ទីក្រុងប៉េកាំងបានបង្ហាញការ «គោរពយ៉ាងខ្លាំង» ចំពោះទីក្រុងវ៉ាស៊ីនតោន ហើយថាពួកគេកំពុងបង់ «ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់» ពីពន្ធគយ ៥៥ ភាគរយ ដែលបានដាក់លើទំនិញរបស់ពួកគេទៅសហរដ្ឋអាមេរិក។

លោក ត្រាំ បានមានប្រសាសន៍ម្ដងទៀតថា៖ «ខ្ញុំគិតថា ចិនបានគោរពយើងខ្លាំងណាស់។ ពួកគេកំពុងបង់ប្រាក់យ៉ាងច្រើនមកឱ្យយើងក្នុងទម្រង់ជាពន្ធគយ។ ដូចដែលអ្នកបានដឹង ពួកគេកំពុងបង់ ៥៥ ភាគរយ នោះជាចំនួនដ៏ច្រើនណាស់»។
ប្រធានាធិបតីសហរដ្ឋអាមេរិកក៏បានបន្ថែមថា ប្រទេសជាច្រើនបានទាញយកប្រយោជន៍ពីសហរដ្ឋអាមេរិកកាលពីមុន ប៉ុន្តែបានសង្កត់ធ្ងន់ថា ការអនុវត្តបែបនេះលែងត្រូវបានអនុញ្ញាតទៀតហើយ។

លោកបានថ្លែងថា៖ «ប្រទេសជាច្រើនបានទាញយកប្រយោជន៍ពីសហរដ្ឋអាមេរិក ហើយពួកគេលែងអាចទាញយកប្រយោជន៍បានទៀតហើយ។ ចិនកំពុងបង់ ៥៥ ភាគរយ ហើយអាចនឹងមានពន្ធរហូតដល់ ១៥៥ ភាគរយ ចាប់ពីថ្ងៃទី ១ ខែ វិច្ឆិកា លុះត្រាតែយើងសម្រេចបានកិច្ចព្រមព្រៀងមួយ»។
លោក ត្រាំ ក៏បានលើកឡើងពីកិច្ចប្រជុំដែលនឹងមកដល់ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅកូរ៉េខាងត្បូង ដោយសម្តែងសុទិដ្ឋិនិយមចំពោះទំនាក់ទំនងរបស់ពួកគេ និងលទ្ធភាពនៃការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ប្រធានាធិបតីសហរដ្ឋអាមេរិកបានកត់សម្គាល់ថា៖ «ខ្ញុំនឹងជួបជាមួយប្រធានាធិបតី ស៊ី។ យើងមានទំនាក់ទំនងល្អណាស់ យើងនឹងជួបគ្នានៅកូរ៉េខាងត្បូងក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ… ខ្ញុំគិតថា យើងនឹងរកដំណោះស្រាយដែលល្អសម្រាប់ប្រទេសទាំងពីរ»។
ដោយរំពឹងទៅមុខដល់កិច្ចប្រជុំនៅកូរ៉េខាងត្បូងជាមួយលោក ស៊ី ជីនពីង លោក ត្រាំ បានសង្កត់ធ្ងន់លើក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងដែលមានតុល្យភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
លោកបានថ្លែងថា៖ «ខ្ញុំគិតថា នៅពេលយើងបញ្ចប់កិច្ចប្រជុំនៅកូរ៉េខាងត្បូង ចិននិងខ្ញុំនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មស្មើភាពគ្នា។ ខ្ញុំចង់ឱ្យពួកគេទិញសណ្តែកសៀង… វាគឺជារឿងអស្ចារ្យសម្រាប់ប្រទេសទាំងពីរ ហើយវាក៏ជារឿងអស្ចារ្យសម្រាប់ពិភពលោកទាំងមូលផងដែរ»។

ការលើកឡើងរបស់លោកបានធ្វើឡើងក្នុងអំឡុងពេលកិច្ចពិភាក្សានៅការិយាល័យពងក្រពើ (Oval Office) ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាល់បានីស ជាទីដែលមេដឹកនាំទាំងពីរបានប្រកាសបង្ហាញកិច្ចព្រមព្រៀងតម្លៃរាប់ពាន់លានដុល្លារស្តីពីរ៉ែសំខាន់ៗ និងកិច្ចសហប្រតិបត្តិការការពារជាតិ ដោយលោក អាល់បានីស បានគូសបញ្ជាក់ពីទំហំនៃកិច្ចសហការនេះ ដោយថ្លែងថា៖ «៨,៥ ពាន់លានដុល្លារអាមេរិកកំពុងស្ថិតក្នុងបំពង់បង្ហូរ»។
កិច្ចព្រមព្រៀងទាំងនោះជាលទ្ធផលនៃការចរចាជាច្រើនខែ ហើយត្រូវបានរំពឹងថានឹងពង្រឹងយ៉ាងសំខាន់នូវសន្តិសុខខ្សែសង្វាក់ផ្គត់ផ្គង់ ឯករាជ្យភាពថាមពល និងកិច្ចសហប្រតិបត្តិការយោធារវាងសម្ព័ន្ធមិត្តទាំងពីរ។
មុនកិច្ចប្រជុំនោះ លោក ត្រាំ បានបង្ហោះសារនៅលើ Truth Social ប្រកាសពីចេតនារបស់លោកក្នុងការបន្ថែមពន្ធគយចំនួន ១០០ ភាគរយបន្ថែមទៀត—«លើសពីពន្ធគយដែលមានស្រាប់»—លើទំនិញចិន ចាប់ពីថ្ងៃទី ១ ខែ វិច្ឆិកា។ លោកបាននិយាយថា ចលនានេះគឺជាការឆ្លើយតបទៅនឹងអ្វីដែលលោកបានពិពណ៌នាថាជាជំហរ «ឈ្លានពានហួសហេតុ» ពីទីក្រុងប៉េកាំង បន្ទាប់ពីរដ្ឋាភិបាលចិនត្រូវបានចោទប្រកាន់ថាបានផ្សព្វផ្សាយ «លិខិតដ៏អមិត្តមួយទៅកាន់ពិភពលោក»។
ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ត្រាំ បានលាតត្រដាងពីផែនការទៅទស្សនកិច្ចប្រទេសចិននៅដើមឆ្នាំក្រោយ បន្ទាប់ពីទទួលបានការអញ្ជើញពីថ្នាក់ដឹកនាំចិន។
លោកបាននិយាយថា៖ «ខ្ញុំត្រូវបានគេអញ្ជើញឱ្យទៅប្រទេសចិន។ ហើយខ្ញុំនឹងទៅ នៅពេលសមរម្យណាមួយនៅដើមឆ្នាំក្រោយ»៕
