បាត់ដំបង÷ ឆ្នាំនេះទឹកធំសម្បូរត្រីចំណីបានបង្កលក្ខណ:ដល់សត្វស្លាបធំ តូចបន្តពូជបានច្រើននៅតំបន់រ៉ាមសារដែនបឹងទន្លេសាបកកើតកើនឡើងជាងឆ្នាំកន្លងមក ២០%។

តាមការបញ្ជាក់ឲ្យដឹងពីលោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥នេះថា÷ រយ:ពេល ២ឆ្នាំចុងក្រោយនេះក្រោមយុទ្ធនាការគាំទ្រដោយកងកម្លាំងចម្រុះរបស់គណបញ្ជាការស្រុក ខេត្ត ស្របគ្នានឹងឆ្នាំនេះទឹកបឹងទន្លេសាបឡើងធំ ពោរពេញទៅដោយចំណីផងនោះបានបង្កលក្ខណ:ដល់ការបង្កកំណើតរបស់ពូជសត្វស្លាបទឹកទាំងអស់បានធំធាត់លឿន និងមានការរីកចម្រើនច្រើន។ លក្ខណ:អំណោយផលបឹងទន្លេសាប ពិសេសតំបន់រ៉ាមសារសម្បូរត្រីជាចំណីបានធ្វើឲ្យសត្វស្លាបទឹកមិនប្រើពេលចាកចេញឆ្ងាយងាយស្រួលដល់ការបង្កកំណើតកូនពូជ។

បច្ចុប្បន្នទាំងមន្ត្រីជំនាញ ទាំងកងកម្លាំងគណ:បញ្ជាការកំពុងរឹតបណ្តឹងបទល្មើសនេសាទ រួមទាំងការឃ្លាំមើលការបរបាញ់ ការចាក់ភ្លេង ឬស្រែកឡូរឡានាំឲ្យផ្អើល រំខានសត្វក្នុងដែនអភិរក្ស។ ការរក្សាការពារយ៉ាងយកចិត្តទុកដាក់ និងលក្ខណ:អំណោយផលពីធម្មជាតិបានធ្វើឲ្យសត្វស្លាបទឹកមានការកើនឡើងប្រមាណ ២០% ក្នុងឆ្នាំនេះ។

មន្ត្រីជំនាញមន្ទីរបរិស្ថានខេត្តបានបន្តថា÷ បច្ចុប្បន្នសត្វស្លាបដែលរស់នៅក្នុងតំបន់ដីសើមខាងលើនេះមានចំនួន ១៤០ប្រភេទ តំបន់នេះជាតំបន់សំខាន់បំផុតក្នុងភូមិភាគអាស៊ីអាគ្នេយ៍ សម្រាប់ប្រភេទសត្វស្លាបទឹកធំៗ ពងកូនដែលប្រភេទសត្វទាំងនេះភាគច្រើនទទួលរងនូវការគំរាមកំហែងក្នុងពិភពលោករួមមាន ទុងប្រផេះ ត្រដក់ធំ ត្រដក់តូច រនាលពណ៌ រនាលស ស្មោញ ពពូលទឹក និងអកត្រីក្បាលប្រើជាដើម…៕

អត្ថបទ: ដំបងក្រញូង

Share.