បាងកក៖ លោក វរៈផាក់ តាន់យ៉ាវង្ស អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបានលាលែងពីតំណែងយ៉ាងប្រញាប់ប្រញាល នៅថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីរកឃើញថា លោកមានជាប់ពាក់ព័ន្ធជាមួយឧក្រិដ្ឋកម្មខ្មៅងងឹតដ៏ធំនៅក្នុងប្រទេសថៃ ជាពិសេសការឆបោកតាមរយៈអនឡាញ និងក្រោយពីលោកទើបតែទទួលបានភារៈកិច្ចពីនាយករដ្ឋមន្ត្រី អនុទីន ជាអ្នកបោសសម្អាតស្កេម និងក្រុមបោកប្រាស់ (Call Center Gang) តែ ២ ថ្ងៃប៉ុណ្ណោះនេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាពេលថ្មីៗនេះ។

នាយករដ្ឋមន្រ្តីថៃ លោក អនុទីន ឆានវីរៈកុល បានបញ្ជាឱ្យលោក វរៈផាក់ តាន់យ៉ាវង្ស មន្ត្រីជើងចាស់ផ្នែកហិរញ្ញវត្ថុមួយរូបចូលបម្រើការងារក្នុងជួររដ្ឋាភិបាលរបស់លោកកាលពីដើមខែមុន ធ្វើការស្រាយបំភ្លឺជាលាយលក្ខណ៍អក្សរជាបន្ទាន់នៅសប្តាហ៍នេះ ជុំវិញការលាបពណ៌ពីបណ្ដាប្រព័ន្ធផ្សព្វផ្សាយនិងចាត់ទុកថាជាការបង្ខូចកិត្តិយស។ ខណៈសំណួរដ៏ធំមួយបានកើតឡើងនៅក្នុងចង្កោមពលរដ្ឋយល់ថា ហេតុអ្វីបានជាលោក អនុទិន ប្រគល់ភារកិច្ចឱ្យមនុស្សដែលជាប់ពាក់ព័ន្ធជាមួយក្រុម Call Center ឱ្យទៅស៊ើបអង្កេតក្រុម Call Center ទៅវិញ?

ទាក់ទិននឹងបញ្ហានេះ លោក វរៈផាក់ បានច្រានចោលរាល់ការលាបពណ៌ទាំងមិនទទួលស្គាល់លើការពិតថា «វាជាការលាបពណ៌គ្មានមូលដ្ឋាន»។ លោកបានបន្ថែមថា រាល់ជំនួញរបស់លោកកន្លងមក គឺស្របច្បាប់ ហើយមិនបានពាក់ព័ន្ធនឹងបណ្តាញបោកប្រាស់ ឬស្កេមអនឡាញអ្វីនោះទេ។

យ៉ាងណាក៏ដោយ រាល់ការចោទប្រកាន់អំពីអំពើពុករលួយមិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសថៃ ព្រោះមន្ត្រីដែលបើកស្មា និងមានអំណាចគ្រាក់ៗមានទំនាក់ទំនងស្និទ្ធស្នាលរវាងអាជីវកម្ម និងនយោបាយ ជាលក្ខណៈចងប្រព័ន្ធ តែងតែមិនទទួលស្គាល់ការពិត និងចោទកត្តាទាំងអស់នេះថា មានភាពមិនច្បាស់លាស់។ រឿងអាស្រូវដែលភ្ជាប់មន្ត្រីថៃជាមួយនឹងឧស្សាហកម្មឆបោកប្រាក់រាប់ពាន់លានដុល្លារ ដែលបានផ្ទុះឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺកម្រមានណាស់ ពោលគឺថៃបានព្យាយាមបិទបាំងព័ត៌មាន និងបានដើរតួជាជនរងគ្រោះរួចទម្លាក់កំហុសឱ្យប្រទេសជិតខាងខ្លួនទៅវិញ។

ថ្វីបើរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរូបនេះ បានលាលែងពីតំណែងយ៉ាងតក់ក្រហល់ក៏ពិតមែន ប៉ុន្ដែវាក៏ជះផលប៉ះពាល់ដល់រដ្ឋបាលរបស់លោក អនុទិន ផងដែរ។ ជាក់ស្ដែងនៅថ្ងៃនេះដែរ ពោលថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៥ លោក អនុទិន បានឆ្លើយជាមួយអ្នកកាសែតជុំវិញបញ្ហានេះដោយបានប្រកែកទាំងងងើលថា បញ្ហាអាស្រូវទាំងនេះនឹងគ្មានប៉ះពាល់ដល់រដ្ឋបាលរបស់លោកឡើយ ព្រោះថា រដ្ឋាភិបាលរបស់លោកកំពុងតាមដាន និងបង្កកទ្រព្យសម្បត្តិដែលទាក់ទងនឹងការឆបោកប្រាក់អនឡាញរួចហើយដែរ៕

