យោងតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod នាថ្ងៃទី២៣ ខែតុលា នេះថា រដ្ឋមន្ត្រីការបរទេស លោក ស៊ីហាសាក់ ភួងកេតកែវ បានមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ នេះថា លោកមានទំនុកចិត្តថា សេចក្តីប្រកាសស្តីពីទំនាក់ទំនងថៃ-កម្ពុជា នឹងត្រូវចុះហត្ថលេខានៅថ្ងៃទី២៥ ខែតុលា នៅប្រទេសម៉ាឡេស៊ី ដោយមានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម ជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេន ធ្វើជាសាក្សី។

រដ្ឋមន្រ្តីការបរទេសរូបនេះ បានបញ្ជាក់ថា កិច្ចពិភាក្សាដែលមានប្រទេសចំនួន៤ ចូលរួមដូចជា៖ ម៉ាឡេស៊ី សហរដ្ឋអាមេរិក កម្ពុជា និងថៃ ស្ដីពីភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ទទួលបានជោគជ័យ។ លោកបន្ដថា ភាគីនៃប្រទេសនីមួយៗ នឹងយកទៅពិភាក្សាជាមួយរដ្ឋាភិបាលរៀងៗខ្លួនបន្ដទៀត។

យ៉ាងណា កាលពីថ្ងៃអង្គារ ទី២១ ខែតុលា រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ លោក ណាត់ថៈផុន ណាក់ថានិច្ច បានចេញមកប្រកាសថា ប្រសិនបើកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) មិនជោគជ័យ ថៃនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនោះទេ ហើយក៏លែងមានកិច្ចប្រជុំទៀតដែរ ដែលថៃយល់ថា នាំឱ្យខាតបង់ប្រាក់ខ្លួនយ៉ាងធ្ងន់ធ្ងរ។

ការអះអាងបែបនេះ កើតឡើងអំឡុងពេលក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កំពុងបន្តប្រជុំរួមគ្នា នៅរាជធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំថ្នាក់លេខាធិការនេះ ចាប់ផ្តើមតាំងពីថ្ងៃទី២០ មក ហើយត្រូវបន្តរហូតដល់ថ្ងៃ២២ ខែតុលា។ បន្ទាប់មក កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នឹងចាប់ផ្តើមឡើងនៅថ្ងៃ២៣តុលា នៅម៉ាឡេស៊ីដដែល។ ចំណែក គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) ក៏កំពុងជួបប្រជុំគ្នា នៅខេត្តចន្ទបុរី នៅថ្ងៃ២១តុលានេះដែរ៕

ប្រភព៖ Khaosod

Share.