សារព័ត៌មាន BBC របស់ចក្រភពអង់គ្លេសបានទម្លាយរឿងអាស្រូវដ៏ស្អុយរលួយរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកសិកម្មថៃគឺលោក ធម្មម៉ាណាត់ ព្រំផៅ កន្លងមកធ្លាប់មានប្រវត្តិធ្លាប់ជាប់គុកនៅអូស្ដ្រាលីរយៈពេល ៦ ឆ្នាំ និងមឆនជាប់ពាក់ព័ន្ធជាមួយមេ ស្កេមម័រអាហ្វ្រិកខាងត្បូង និងចុងក្រោយនេះលេចចេញករណីសង្ស័យពីពលរដ្ឋថៃចំពោះបញ្ហាមិនមានតម្លាភាពលើកការចំណាយ ដោយផ្ដល់គម្រោងសាច់ប្រាក់របស់ក្រសួងកសិកម្មដែលខ្លួនកាន់តួនាទីជារដ្ឋមន្ត្រី ឱ្យក្រុមមូលនិធិរបស់ កាន់ ចមផៈឡាំង ទទួលរៀបចំ រហូតត្រូវបានសាធារណៈជន កំពុងស្នើឱ្យបើកការសើបអង្កេត សង្ស័យអាចជាការលាងលុយកខ្វក់។

តាមការស៊ើបអង្កេតរបស់សារព័ត៌មាន BBC បានបង្ហាញថា លោក ធម្មម៉ាណាត់ ព្រំផៅ ជាអតីតទណ្ឌិតដែលតុលាការកំពូលអូស្ដ្រាលីបានផ្ដន្ទាទោសដាក់ពន្ធនាគារដោយអំណាចសាលក្រមបានចោទពីបទល្មើសជួញដូរគ្រឿងញៀន បទល្មើសជួញដូរមនុស្ស បទល្មើសលាងលុយខ្មៅ និងបទល្មើសឆបោកតាមប្រព័ន្ធអញឡាញ ឬស្កេមម័រ។ ចំពោះករណីគ្រឿងញៀន កាសែតThe Sydney Morning Herald បានផ្សាយថា លោក ធម្មម៉ាណាត់ ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ 1993 និងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ បន្ទាប់មកត្រូវនិរទេសភ្លាមៗនៅពេលមានការដោះលែងកើតឡើង។
យ៉ាងណាមិញ BBC Thai ដែលមានមូលដ្ឋាននៅប្រទេសថៃក៏ទទួលបានកំណត់ត្រារបស់តុលាការ ពីអាជ្ញាធរអូស្ត្រាលី ដោយបញ្ជាក់ពីការផ្តន្ទាទោស និងការកាត់ទោសដាក់ពន្ធនាគាររបស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកសិកម្មថៃ ធម្មម៉ាណាត់ ព្រំផៅ នេះយ៉ាងច្បាស់ការ។ អ្នកនយោបាយប្រឆាំងថៃបានជំរុញឱ្យតុលាការធម្មនុញ្ញរបស់ប្រទេសថៃ ធ្វើសេចក្ដីប្រកាសថា រដ្ឋមន្ត្រីកក្រសួងកសិកម្មថៃរូបនេះមិនស័ក្ដសមជាមួយតំណែងនាពេលនេះឡើយ។ ប៉ុន្តែនៅក្នុងសេចក្តីសម្រេចមួយនៅថ្ងៃពុធសប្ដាហ៍នេះ តុលាការថៃបានច្រានចោលបណ្តឹងនេះទៅវិញ និងមិនទទួលស្គាល់ការសម្រេចផ្ដន្ទាទោសពីតុលាការកំពូលអូស្ដ្រាលីថាជាសាលក្រមបរទេស មិនមានអំណាច បង្គាប់ និងហាក់គ្មានតម្លៃស្មើនឹងសាលក្រមរបស់ប្រទេសថៃដែលអនុវត្តជាមួយរដ្ឋមន្ត្រីថៃឡើយ។

សារព័ត៌មាន BBC បានបញ្ជាក់ទៀតថា ជាមួយនឹងអតីតមេទ័ពម្នាក់នៅក្នុងជួរកងទ័ពភូមិន្ទថៃ មេឧក្រិដ្ឋជនដែលកាន់តួនាទីជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងកសិកម្មថៃសព្វថ្ងៃនេះធ្លាប់អួតអំពីទំនាក់ទំនងស្អិតរមួតជាមួយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ ដែលបានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រី៨ឆ្នាំ បន្ទាប់ពីរដ្ឋប្រហារយោធាក្នុងឆ្នាំ២០១៤។ ហើយនៅចុងខែកញ្ញាកន្លងទៅ លោក ធម្មម៉ាណាត់ ព្រំផៅ បានទាត់ចោលការអំពាវនាវរបស់សមាជិកសភាមកពីគណបក្សប្រជាជន លោក រ៉ាំងស៊ីម៉ែន រ៉ូម ដែលចង់បណ្តេញលោកចេញពីតំណែង ដោយអតីតមេគ្រឿងញៀនរូបនេះ អះអាងថា មានតែនាយករដ្ឋមន្ត្រីទេ ដែលអាចដកលោកចេញពីតំណែងបាន។
តំណែងរបស់ឧបរូបនេះ មិនអាចរង្គោះរង្គើសោះឡើយ បើទោះជាធ្លាប់ជាឧក្រិដ្ឋជន និងជិតស្និទ្ធិជាមួយមេសង្គមងងឹត តែម្ដងនេះតំណែងរងនាយករដ្ឋមន្ត្រីរបស់លោក អាចនឹងពិបាករក្សា ព្រោះ ពលរដ្ឋថៃពីគ្រប់មជ្ឈដ្ឋាននាំគ្នាសំពងមិនដកដៃ ក្រោយធ្លាយករណីសង្ស័យថាទឹកប្រាក់កខ្វក់ដែលលោកបានគប់គិតជាមួយ ក្រុមឧក្រិដ្ឋជន និងពុករលួយលុយក្រសួងកសិកម្មយ៉ាងច្រើនសន្ធាប់ត្រូវបានផ្ដល់ទៅឱ្យក្រុមមូលនិធិរបស់ កាន់ ចមផៈឡាំង ជាអ្នកកំចាយលុយទាំងនោះដើម្បីបង្កើនឥទ្ធិពលទន់នៅលើបណ្ដាញសង្គមផង និងដើម្បីធ្វើចរន្តលុយមិនស្អាតនោះ ក្លាយជាលុយស្របច្បាប់វិញ។

ដូច្នេះ ទើបមានចលនាមហាជន រួមគ្នា តាមដាន និង តាមអង្កេតពីទំនាក់ទំនងរបស់ កាន់ ចមផៈឡាំង និង ធម្មម៉ាណាត់ ព្រំផៅ ដែលអាចជាអ្នកនៅពីក្រោយ ចាំជួយរុញការងាររបស់ កាន់ ចមផៈឡាំង ទើបធ្វើឱ្យបុគ្គលផលិតមាតិកាធម្មតានេះ មានទឹកមាត់ប្រៃ ជាពិសេសរលាស់ខ្លួនចេញពីការចោទប្រកាន់ថាកឹបកេញលុយជំនួយ និងកញ្ចប់ប្រាក់ឧបត្ថម្ភជនរងគ្រោះ បានដោយងាយស្រួល៕

