បាត់ដំបង÷ កម្លាំងសមត្ថកិច្ចចម្រុះចុះល្បាតឃាត់ខ្លួនជនសង្ស័យមេខ្យល់ជាមួយនឹងពលករប្រុសស្រីជាច្រើននាក់ពេលលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់។




ករណីបង្ក្រាប ទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់នេះធ្វើឡើងថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ ត្រង់ចំណុចភូមិចំការល្ហុង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន សហការជាមួយកម្លាំងជួរមុខវរសេនាតូចលេខ ៥៣៣ និងនគរបាលប៉ុស្តិ៍កូនភ្នំ ៨១៧។ករណីខាងលើសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ម្នាក់ និងពលករប្រុស ស្រីចំនួន ៧នាក់ខណៈពេលដែលពួកគេប្រុងលួចឆ្លងដែនចូលទៅក្នុងទឹកដីប្រទេសថៃទាំងប្រថុយប្រថាន។


ជនសង្ស័យជាមេខ្យល់មានឈ្មោះនុន ម៉ាប់ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។បច្ចុប្បន្នជនសង្ស័យក៏ដូចជាវត្ថុតាងម៉ូតូមួយគ្រឿងកំពុងត្រូវបានកម្លាំងអាវុធហត្ថស្រុកសាកសួរ និងបញ្ជូនទៅការិយាល័យជំនាញបន្តដើម្បីចាត់ការបន្តតាមនីតិវិធី៕




អត្ថបទ÷ ដំបងក្រញូង
