បាងកក៖ ស្របពេលនឹងស្ថានភាពនយោបាយរបស់ថៃនៅតែវឹកវរនិងគ្មានស្ថេរភាព មន្រ្តីជាន់ខ្ពស់មួយរូបនៃរដ្ឋាភិបាលថៃ បានឱ្យដឹងនាថ្ងៃសុក្រ ទី២៤ ខែតុលា នេះថា ការបោះឆ្នោតសកលថ្មីទំនងជានឹងធ្វើឡើង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីនាយករដ្ឋមន្រ្តី លោក Anutin Charnvirakul បានពិភាក្សាអំពីបញ្ហានេះ ជាមួយគណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Star ។

អង្គុយកៅអីតែជាង២ខែសោះ នាយករដ្ឋមន្ត្រីកិច្ចសន្យា៤ ខែ អនុទិន ចាន់វីរគុល មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវជាច្រើន ហើយរដ្ឋមន្ត្រីនៅក្នុងរដ្ឋបាលរបស់លោកក៏ត្រូវបានគេរកឃើញ និងចោទប្រកាន់ពីការជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋអនឡាញ ការលាងលុយកខ្វក់ ខណៈដែលលោកខ្លួនឯងក៏មិនស្អាតស្អំ ព្រោះអគារ ស៊ីណូថៃ ថាវវ័រ ដែលគ្រួសារលោកជាម្ចាស់ក៏មានជាប់ពាក់ព័ន្ធនឹងការជួលទីតាំងឱ្យក្រុមហ៊ុនដែលត្រូវបានសង្ស័យថាជាបណ្ដាញឆបោកអនឡាញលំដាប់ពិភពលោក។

ប្រហែលជាដោយសារតែហេតុផលអស់ទាំងនេះក៏ថាអាន ទើបធ្វើឱ្យនាយលរដ្ឋមន្ត្រីទី៣២ របស់ថៃរូបនេះបានបង្ហាញគម្រោងរំលាយសភានៅចុងខែមករា ដោយការបោះឆ្នោតសកលថ្មី នឹងធ្វើឡើងនៅខែមីនា ឬដើមខែមេសា ឆ្នាំក្រោយ។
នាថ្ងៃសុក្រនេះដែរ លោក ប៉ារ៉ាដន ព្រីសាណានអានថាគុល (Paradorn Prissananantakul) ដែលជារដ្ឋមន្រ្តីអមការិយាល័យនាយករដ្ឋមន្រ្តីថៃ បាននិយាយថា «រដ្ឋាភិបាលនិងគណៈកម្មាធិការរៀបចំការបោះឆ្នោត បានពិភាក្សាគ្នា អំពីពេលវេលា សម្រាប់រៀបចំការបោះឆ្នោត ខណៈកាលបរិច្ឆេទ ដែលនឹងត្រូវកំណត់ គឺទំនងជានៅថ្ងៃទី២៩ ខែមីនា ខាងមុខនេះ»។

លោក ប៉ារ៉ាដន ក៏បាននិយាយដែរថា ប្រជាមតិស្ដីពីរដ្ឋធម្មនុញ្ញថ្មី ព្រមទាំងប្រជាមតិមួយទៀត ដើម្បីសម្រេចថា តើត្រូវលុបចោល ឬមិនលុបចោល នូវកិច្ចព្រមព្រៀងចំនួន២ ពាក់ព័ន្ធការកំណត់ព្រំដែនជាមួយកម្ពុជា គឺទំនងជានឹងប្រព្រឹត្តទៅទន្ទឹមគ្នាជាមួយការបោះឆ្នោតសកល។

យ៉ាងណាម៉ិញ គណៈកម្មាធិការរៀបចំការបោះឆ្នោតមិនទាន់បានកំណត់កាលបរិច្ឆេទបោះឆ្នោតជាផ្លូវការនៅឡើយទេ ប៉ុន្តែប្រធានគណៈកម្មការគឺ លោក អ៉ីទីផន ប៊ុនប្រាកុង (Ittiporn Boonpracong) បាននិយាយថា ព័ត៌មានលម្អិតនឹងត្រូវបានដោះស្រាយទាំងការបោះឆ្នោត និងការបោះឆ្នោតប្រជាមតិទាំងពីរ ដែលទំនងជានឹងប្រព្រឹត្តទៅនៅថ្ងៃតែមួយ។

កាលពីខែកញ្ញា លោក Anutin ត្រូវបានសភាបោះឆ្នោតតែងតាំងជានាយករដ្ឋមន្រ្តីទី៣ របស់ប្រទេសថៃ គិតចាប់តាំង​ពីខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីលោកបានដកគណបក្ស Bhumjaithai ចេញពីចង្កោមរដ្ឋាភិបាលដឹកនាំដោយ​គណបក្ស Pheu Thai។

ហើយដើម្បីក្លាយជានាយករដ្ឋមន្រ្តី លោក Anutin ធានាបានការគាំទ្រពីគណបក្សប្រឆាំងធំជាងគេ គឺគណបក្ស People’s Party ប៉ុន្តែបក្សប្រឆាំងដ៏ធំមួយនេះ បានដាក់លក្ខខណ្ឌមួយចំនួន ក្នុងនោះរួមមាន​ការរំលាយសភា ក្នុងរយៈពេល ៤ខែ ក្រោយចូលកាន់តំណែង ដើម្បីរៀបចំការបោះឆ្នោតសកលថ្មី និងការធ្វើប្រជាមតិលើរដ្ឋធម្មនុញ្ញថ្មី៕

ប្រភព៖ The Star

Share.