កំពង់ធំ៖ ខេត្តកំពង់ធំ សហការជាមួយក្រសួងជំនាញ បានចុះសម្របសម្រួលជួបអ្នកលក់ដូរតូចតាចតាមដងផ្លូវ ក្នុងក្រុងស្ទឹងសែន ដើម្បីអនុវត្តគម្រោងកែលម្អស្តង់ដារអនាម័យអាជីវកម្មម្ហូបអាហារតាមដងផ្លូវ ឱ្យមានអនាម័យ និងសុវត្ថិភាពកាន់តែប្រសើរ។




សកម្មភាពនេះប្រព្រឹត្តឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ មានគោលបំណងលើកកម្ពស់ស្តង់ដារអនាម័យក្នុងអាជីវកម្មម្ហូបអាហារតាមដងផ្លូវ និងបង្កើនការយល់ដឹងរបស់អ្នកលក់អំពីសារៈសំខាន់នៃសុខភាពសាធារណៈ។




លោក ពៅ វណ្ណា បានបញ្ជាក់ថា យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាយុទ្ធសាស្ត្រសំខាន់មួយរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើការលើកកម្ពស់លទ្ធភាព និងប្រសិទ្ធភាពសមាហរណកម្មអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលរួមក្នុងប្រព័ន្ធសេដ្ឋកិច្ចជាផ្លូវការ ដើម្បីបង្កើនភាពចីរភាព និងចំណែករួមក្នុងកំណើនសេដ្ឋកិច្ចជាតិ។
គាត់បានបន្ថែមថា ការរៀបចំអាជីវកម្មចល័តតាមដងផ្លូវ (Street Vendors) គឺជាអាទិភាពមួយក្នុងយុទ្ធសាស្ត្រជាតិ ដោយផ្តោតលើការគាំទ្រនិងការផ្តល់ស្ថានភាពស្របច្បាប់ដល់អ្នកលក់តូចតាចជាអាជីវករចល័តតាមដងផ្លូវ ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗនៅថ្នាក់រដ្ឋបាលក្រោមជាតិ។




ក្នុងអំឡុងពេល៤ថ្ងៃនៃការសម្របសម្រួល (ថ្ងៃទី២០-២៤ តុលា ២០២៥) ក្រុមការងារបានចុះប្រមូល និងចុះឈ្មោះអ្នកលក់ជាប្រភេទកាហ្វេ ភេសជ្ជៈ និងម្ហូបអាហារផ្សេងៗ នៅតាមផ្សារកំពង់ធំ និងតាមដងផ្លូវសាធារណៈសរុបចំនួន ៥៤នាក់ ស្មើនឹង៥៤កន្លែង។
អត្ថបទ÷កំពងធំ
