បាត់ដំបង÷ ករណីអគ្គិភ័យឆេះផ្សារទំនើបកណ្តាលក្រុងបាត់ដំបង ទូរលេខប៉ះពាល់ និងការខូចខាតផ្ទះកើនដល់ ២៣ល្វែង មហាជនទូទៅសន្និដ្ឋានបឋមថាអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។




លោក លាង វាសនា អភិបាលក្រុងបាត់ដំបង ប្រាប់ឲ្យដឹងនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥នេះថា÷ ជុំវិញហេតុការណ៍អគ្គិភ័យឆេះផ្សារទំនើប ហេង ឆៃលី ក្រោយការព្យាយាមពន្លត់រយះពេល ២ថ្ងៃរបស់កម្លាំងចម្រុះ ពិសេសកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យមកទល់នឹងពេលនេះក្រុមការងារកំពុងសម្រួលកាយគំនរបាក់បែកយកចេញ និងបានបាញ់ទឹកបន្ថែមខ្លះៗទៀតដើម្បីឲ្យរលត់ ១០០%។

តាមការពិនិត្យ និងស្រាវជ្រាវលើករណីឆេះផ្សារទំនើបនេះការប៉ះពាល់ និងការខូចខាតរួមមាន អាគារលំនៅដ្ឋាន និងអាគារផ្សារទំនើបរបស់ប្រជាពលរដ្ឋកើនដល់ចំនួន ២៣ល្វែងផ្ទះ ក្នុងនោះបានបាក់រលំទាំងស្រុងចំនួន ១១ល្វែង។
លោកអភិបាលក្រុងបានបន្តថា÷ ដោយឡែកចំពោះទំហំនៃការខូចខាតនៅមិនទាន់បានដឹងនៅឡើយ ដូចគ្នាដែរអំពីមូលហេតុដែលបណ្តាលឲ្យឆាបឆេះឡើងក៏នៅមិនទាន់បានដឹងនៅឡើយទេកំពុងឋិតក្នុងការស្រាវជ្រាវ។ រីឯស្រទាប់មហាជនបានលើកឡើងថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។




អគ្គិភ័យដែលឆាបឆេះលឿនបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋត្រឹមរយ:ពេលខ្លីខាងលើបានកើតនៅវេលាម៉ោងជិតម៉ោង ១១:០០នាទីយប់ ថ្ងៃទី ២៣ ឈានចូលថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ ត្រង់ចំណុចក្បែរវិទ្យាល័យព្រះមុនីវង្ស ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕
អត្ថបទ: ដំបងក្រញូង
