កំពង់ស្ពឺ៖ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការនគរបាលស្រុកឱរ៉ាល់ បានអនុវត្តប្រតិបត្តិការចុះស្រាវជ្រាវ បន្ទាប់ពីទទួលព័ត៌មានពីពលរដ្ឋល្អម្នាក់ អំពីករណីលាក់ទុក និងកាន់កាប់ប្រើប្រាស់អាវុធដោយខុសច្បាប់ នៅចំណុចជើងភ្នំម្រេច ភូមិអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ក្រោមការដឹកនាំផ្ទាល់ពី វរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ កម្លាំងបានចុះត្រួតពិនិត្យដល់ដីចម្ការរបស់ ឈ្មោះ ផែ ផល ហៅ ស្វិត ភេទប្រុស អាយុ ៥៦ ឆ្នាំ នៅភូមិអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់។


ក្នុងនោះ សមត្ថកិច្ចបានរកឃើញវត្ថុតាងជាអាវុធចំនួន ២ ដើម រួមមាន៖អាវុធប្រភេទ AK ស្វាយបត់ មួយដើម (លេខ ០៧៧៦៧) មានគុណភាពប្រហែល ៧០%អាវុធប្រភេទ កែឆ្នៃ មួយដើមបង់អាវុធចំនួន១ និងគ្រាប់អាវុធប្រភេទ AK47 ចំនួន៤គ្រាប់។
បន្ទាប់ពីសាកសួរ ជនសង្ស័យ ផែ ផល ឆ្លើយសារភាពថា អាវុធប្រភេទ AK ខ្លួនទិញបានពី ថុន សុខលួន អ្នកស្រុកត្រពាំងអង្រ្គង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ តម្លៃ ៥០០,០០០ រៀល។ សមត្ថកិច្ចបានបន្តស្រាវជ្រាវ និងឃាត់ខ្លួន ថុន សុខលួន មកសួរនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់។ជនសង្ស័យថុន សុខលួន បានឆ្លើយសារភាពថា អាវុធAK47 នោះខ្លួនរើសបានពីលើភ្នំ ហើយយកមកលក់ឲ្យជនសង្ស័យ ផែ ផល។


តាមការសន្និដ្ឋាន អាវុធនោះអាចជាអាវុធដែលសល់ពីក្រុមជនល្មើសប្រើប្រាស់សម្រាប់បរបាញ់សត្វតាមតំបន់ភ្នំ។បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំងពីរ រួមជាមួយវត្ថុតាង ទៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យជៀសវាងការកាន់កាប់ ប្រើប្រាស់ ឬលាក់ទុកអាវុធដោយខុសច្បាប់ ពីព្រោះសមត្ថកិច្ចនឹងបន្តស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ដោយមិនអនុញ្ញាតឲ្យមានការអត់ឱនទេ៕



អត្ថបទ÷ ចុតុម្មុខ

