ឯកឧត្តម Motegi Toshimitsu រដ្ឋមន្ត្រីការបរទេសជប៉ុន បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទាក់ទងនឹងជម្លោះព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលបានធ្វើឡើងនាពេលថ្មីៗនេះនៅប្រទេសម៉ាឡេស៊ី។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជានៅថ្ងៃទី២៦ខែតុលាឆ្នាំ២០២៥នេះ។

រដ្ឋមន្ត្រីការបរទេសជប៉ុនរូបនេះ បានលើកឡើងថា ការចុះហត្ថលេខាលើឯកសារនេះ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ ក្រោមវត្តមានរបស់ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម Dato’ Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺជា “វឌ្ឍនភាពដ៏ជាក់ស្តែង និងច្បាស់លាស់នៃការឈប់បាញ់ដែលបានសម្រេចកន្លងមក”។

ឯកឧត្តម Motegi Toshimitsu សម្តែងក្តីសង្ឃឹមថា ភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធី តាមរយៈការអនុវត្តដ៏ម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តម Motegi ក៏បានសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ដែលបានប្តេជ្ញាស្ថាបនាទំនុកចិត្តឡើងវិញរវាងកម្ពុជា និងថៃ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងនេះ។

រដ្ឋមន្ត្រីការបរទេសជប៉ុនបានសង្កត់ធ្ងន់ថា ភាពប្រសើរឡើងវិញនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ មានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ទាំងមូល។ ក្នុងន័យនេះ រដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែងក្នុងការបន្ធូរបន្ថយភាពតានតឹង ដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធនានា។

ជាពិសេស ជប៉ុននឹងផ្តល់ជំនួយជាសម្ភារៈដល់ប្រទេសម៉ាឡេស៊ី ដែលដឹកនាំក្រុមអ្នកសង្កេតការណ៍បទឈប់បាញ់ តាមរយៈកម្មវិធីជំនួយសន្តិសុខផ្លូវការ (OSA) របស់ប្រទេសជប៉ុន ដោយឆ្ពោះទៅរកការរក្សានិងពង្រឹងសន្តិភាព រយៈពេលមធ្យមនិងវែង៕

Share.