ក្រោយបញ្ចប់ការតាំងបង្ហាញនៅសារមន្ទីរហ្គីមេ (Guimet) ប្រទេសបារាំង បដិមាព្រះវិស្ណុផ្ទុំ ឬព្រះនរាយណ៍ផ្ទុំ សិតពីសំរឹទ្ធមកពីប្រាសាទមេបុណ្យខាងលិច បានបន្តដំណើរទៅបង្ហាញខ្លួននៅលើទឹកដីរដ្ឋមីនីសូតា សហរដ្ឋអាមេរិក ក្នុងពិព័រណ៍ចល័តមិនអចិន្ត្រៃយ៍ស្តីពីរាជសំរឹទ្ធខ្មែរ៖ សិល្បៈនៃអាទិទេព នៅសារមន្ទីរសិល្បៈមីនីអាប៉ូលី (Minneapolis Institute of Art) ដែលមានអ្នកចូលរួមប្រមាណ ២០០នាក់ក្នុងពិធីបើកជាផ្លូវការ។

ពិព័រណ៍នេះ រៀបចំឡើងក្រោមកិច្ចសហការរវាងសារមន្ទីរជាតិកម្ពុជា សារមន្ទីរសិល្បៈអាស៊ីហ្គីមេ និងសារមន្ទីរសិល្បៈមីនីអាប៉ូលី ដោយមានការចូលរួមសម្តែងសិល្បៈរបាំអប្សារា ដោយក្រុមអ្នកសិល្បៈខ្មែរនៅសាហរដ្ឋមេរិក Vatanak Dance Troupe ដើម្បីបង្ហាញជូនថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមកម្មវិធី។
គោលបំណងនៃការរៀបចំពិព័រណ៍នេះ គឺដើម្បីបង្ហាញអំពីបច្ចេកទេសប្រកបដោយទេពកោសល្យនៃការសិតលោហៈរបស់ខ្មែរតាំងពីសម័យបុរេប្រវត្តិសាស្ត្ររហូតដល់សម័យបច្ចុប្បន្ន តាមររយៈការតាំងបង្ហាញសមុច្ច័យចំនួន ១៧៦វត្ថុ (១២៧វត្ថុមកពីសារមន្ទីរជាតិកម្ពុជា និង ៤៩វត្ថុមកពីសារមន្ទីរសិល្បៈអាស៊ីហ្គីមេ)។
នៅក្នុងសារមន្ទីរហ្គីមេកន្លងមក លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្លាប់បានពន្យល់ថា ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី រាជសំរឹទ្ធខ្មែរ៖ សិល្បៈនៃអាទិទេព គឺជាការបង្ហាញពីការវិវឌ្ឍបច្ចេកទេសនៃការសិតលោហៈ ក្នុងអារ្យធម៌ខ្មែរ រាប់ចាប់ពីសម័យបុរេ ប្រវត្តិសាស្ត្រដល់សម័យក្រោយអង្គរ។
ការធ្វើដំណើររបស់ប្រតិមាព្រះនរាយណ៍ផ្ទុំដែលជាអាទិទេពព្រហ្មញ្ញសាសនារបស់ខ្មែរនាសម័យអង្គរ ប្រៀបដូចជាការនាំយកនូវទេពកោសល្យល្អឯក នៃបច្ចេកទេសសិតលោហៈដ៏អស្ចារ្យរបស់ជាតិខ្មែរ ចេញទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍ឱ្យសាធារណជនបានឈ្វេងយល់បន្ថែម ពីភាពឧត្តុងឧត្តមខ្ពង់ខ្ពស់ នៃអារ្យធម៌ខ្មែរនាសម័យបុរាណ។
សូមជម្រាបថា ពិព័រណ៍នេះមានរយៈពេល៣ខែ ដោយគិតចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦៕

