នាយករដ្ឋមន្ត្រីថៃ លោក អនុទិន ឆានវីរកូល (Anutin Charnvirakul) បានបង្ហាញជំហរលើការគ្រប់គ្រងតំបន់ត្រួតស៊ីគ្នាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយសង្កត់ធ្ងន់លើភាពយុត្តិធម៌សម្រាប់ភាគីទាំងពីរ។ ការថ្លែងនេះធ្វើឡើងក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី ២៧ ខែតុលា ក្រោយការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជា។
ក្នុងបទសម្ភាសន៍នោះ លោក អនុទិន បានលាតត្រដាងពីបញ្ហានៃការរំលោភបំពានព្រំដែននៅតំបន់ត្រួតស៊ីគ្នាថា៖ «មានការរំលោភបំពានលើផ្នែកខាងថៃ ហើយក៏មានការរំលោភបំពានរបស់ថៃលើផ្នែកខាងកម្ពុជាផងដែរ។ ការគ្រប់គ្រងត្រូវតែធ្វើឡើងដោយយុត្តិធម៌សម្រាប់ភាគីទាំងពីរ»។

លោកនាយករដ្ឋមន្ត្រីបានពន្យល់លម្អិតអំពីការដោះស្រាយតំបន់ត្រួតស៊ីគ្នានេះ ដោយផ្តោតជាពិសេសលើតំបន់ បានណុងចាន់ (Ban Nong Chan) និង បានណុងយ៉ាកែវ (Ban Nong Ya Kaew) ក្នុងខេត្តស្រះកែវ (Sa Kaeo Province)។ លោកបានបន្តថា៖ «ប្រសិនបើការព្រមព្រៀងគ្នាត្រូវបានសម្រេច ប្រសិនបើប្រជាជនរបស់យើងបានរំលោភបំពាន យើងត្រូវតែដកថយ ហើយរដ្ឋាភិបាលថៃត្រូវតែរកកន្លែងស្នាក់នៅសមរម្យសម្រាប់អ្នកដែលបានរំលោភបំពានលើផ្នែកខាងកម្ពុជា»។
លោកក៏បានបញ្ជាក់បន្ថែមថា គោលការណ៍ដដែលនេះត្រូវបានអនុវត្តចំពោះភាគីកម្ពុជា ដែលបានរំលោភបំពានលើផ្នែកខាងថៃផងដែរ។ លោកសង្ឃឹមថា ការដោះស្រាយនេះនឹងអាចកាត់បន្ថយ «ការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសថៃ» ហើយនៅពេលនោះ ទើបប្រទេសទាំងពីរអាចចាប់ផ្តើមស្តារទំនាក់ទំនងការទូតពេញលេញឡើងវិញ។
បច្ចុប្បន្ន ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរស្ថិតក្នុងភាពតានតឹង ដោយលោកនាយករដ្ឋមន្ត្រី អនុទិន បានបង្ហើបថា រដ្ឋាភិបាលថៃបាន «កោះហៅឯកអគ្គរដ្ឋទូតត្រឡប់មកវិញហើយ» និងមានត្រឹមតែ «លេខាទីពីរ (Second Secretary)» ប្រចាំនៅប្រទេសកម្ពុជាប៉ុណ្ណោះ។
ការថ្លែងរបស់លោក អនុទិន បានឆ្លុះបញ្ចាំងពីជំហររបស់រដ្ឋាភិបាលថៃ ក្នុងការដោះស្រាយជម្លោះព្រំដែនដោយផ្អែកលើគោលការណ៍ទៅវិញទៅមក និងការស្តារទំនាក់ទំនងមិត្តភាពអ្នកជិតខាងប្រកបដោយសន្តិសុខ៕

