ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ អាជ្ញាសាលាបានចុះអនុវត្តដីកាសម្រេចបង្គាប់ឱ្យប្រគល់អចលនវត្ថុមួយក្បាល ស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ឱ្យទៅអ្នកទិញឈ្មោះ ហ៊ី សៀងលី តាមដំណើរការលក់ដោយបង្ខំ តាមសាលក្រមស្ថាពរលេខ ៥៨៣ «រ» ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

តាមសាលក្រមនេះ បានសម្រេចបង្គាប់ឱ្យឈ្មោះ កៅ សុគង់ (ត្រូវជាម្ដាយ), ឈ្មោះ កៅ ចាន់ធី (កូនបង្កើត) និង ឈ្មោះ ជួរ រីន (ជាកូនប្រសារ) ត្រូវសងប្រាក់ដើមចំនួន ៩៥,២៩៨.៩៤ ដុល្លារអាមេរិក រួមទាំងការប្រាក់ ១១% និងប្រាក់ពិន័យ ២៤% ឱ្យទៅធនាគារ ដែលជាម្ចាស់បំណុល។ អចលនវត្ថុនេះមានវិញ្ញាបនបត្រសម្គាល់ម្ចាស់លេខ ១២១១០២០៥-០០៦០ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។

ខណៈពេលអាជ្ញាសាលាចុះអនុវត្តដីកា ស្រាប់តែមានស្រ្តីឈ្មោះ កៅ សុខណា ចេញមករារាំង និងមានប្រតិកម្មយ៉ាងខ្លាំងចំពោះការអនុវត្តនេះ ដោយគាត់បានអះអាងថា គាត់ត្រូវជាកូនរបស់ខ្មោចឪពុកឈ្មោះ អ៊ុ សុវណ្ណ ជាមួយម្តាយឈ្មោះ កៅ សុគង់ ហើយបាន និងកំពុងកាន់កាប់ ដោយបានសង់តូបលក់ដូរនៅលើដីមួយចំណែកដែលត្រូវរឹបអូសនេះ ដោយគាត់បានធ្វើការតវ៉ាថា គាត់មានចំណែកកម្មសិទ្ឋិមត៌កលើដីបន្តពីខ្មោចឪពុក ដែលដីនេះត្រូវបានម្តាយ និងបងស្រីលួចលាក់យកទៅដាក់ធានាបំណុលជាមួយធនាគារ ដោយមិនឱ្យខ្លួនដឹងឡើយ។

ជាមួយគ្នាសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជុំវិញការអះអាងជាមត៌កនេះ កន្លងមក សាលាដំបូងរាជធានីភ្នំពេញ មិនដែលបានទទួលបណ្តឹងដោះស្រាយ ពីការទាមទារបែងចែកមត៌ក ពីភាគីអ្នកតវ៉ានោះទេ។

ទោះជាយ៉ាងណា បន្ទាប់ពីទទួលដំណឹងអំពីជម្លោះនេះ ដោយមានទាំងការផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ ជីវិតកៅ សុខណា កំសត់គេយកដីផ្ទះ, និងគណនីហ្វេសប៊ុក ឈោ្មះ Sothea Kong និងបណ្តាញសង្គមនានា ទាក់ទងនឹង ការចុះអនុវត្តប្រគល់អចលវត្ថុ នៅខណ្ឌជ្រោយចង្វារនេះ ឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ បានចាត់ការផ្អាកការអនុវត្តដីកានោះជាបណ្តោះអាសន្ន ដើម្បីរក្សាស្ថានភាពបច្ចុប្បន្នឱ្យនៅដដែល និងពិនិត្យសំណុំរឿងបន្ថែម ដើម្បីធានាថាការផ្តល់យុត្តិធម៌ធ្វើឡើងតាមច្បាប់ និងយុត្តិធម៌។

លុះនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ករណីខាងលើត្រូវបាន ដោះស្រាយបញ្ចប់ហេីយដោយភាគីខាងបងស្រីដែលអះអាងថា ជាម្ចាស់មត៌កមួយចំណែកនៃកេរដីឪពុកនោះទទួលបានសំណងជាង3មុឺនដុល្លារ៕

អត្ថបទ៖ ចតុម្មុខ

Share.