ផ្ដើមចេញពីរូបថតមួយសន្លឹកដែលឃើញបុរសសក់ស កាន់ក្រដាសជូតទឹកភ្នែកអង្គុយនៅលើកៅអីមុខស្លាកប្រទេស ទីម័រឡេស្តេ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២៥ ដែលបានធ្វើឡើងនៅក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ពីរូបលោកយ៉ាងខ្លាំង និងចង់ឈ្វេងយល់យ៉ាងស៊ីជម្រៅពីលោក។ តើថ្នាក់ដឹកនាំរូបនេះជានរណា និងមានប្រវត្តិយ៉ាងដូចម្ដេច?

ហេតុការណ៍គួរឱ្យកត់សម្គាល់គឺ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២៥នេះ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្លាយជាសមាជិកពេញសិទ្ធិ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ ក្នុងនោះដែរ ប្រជាជនទីម័រឡេស្តេជាច្រើននាក់បានសម្ដែងអារម្មណ៍អរគុណកម្ពុជាជាអនេកក្នុងជួយជ្រោមជ្រែងឱ្យប្រទេសខ្លួនក្លាយជាបងប្អូននៅក្នុងសហគមន៍អាស៊ាន។ ដូច្នោះហើយ នៅក្នុងវីដេអូ សារព័ត៌មានត្រយង នឹងជម្រាបជូនពីសាវតាខ្លះៗរបស់នាយករដ្ឋមន្ត្រីប្រទេសទីម័រឡេស្តេដែលប្រិយមិត្តគ្រប់គ្នាកំពុងចាប់អារម្មណ៍ដូចតទៅ៖
ក្នុងប្រវត្តិសាស្ត្រនៃប្រជាជាតិមួយ ការលេចឡើងនៃបុគ្គលម្នាក់ដែលក្លាយជាព្រលឹងជាតិ និងកម្លាំងចលករ គឺជាគ្រាដ៏សំខាន់និងបានកត់ត្រាទុក។ សម្រាប់ប្រជាជនទីម័រឡេស្តេ បុគ្គលនោះគឺលោក ខេយ៍ រ៉ាឡា សាណាណា ហ្គុសម៉ាវ Kay Rala Xanana Gusmão ដែលមិនត្រឹមតែនាយករដ្ឋមន្ត្រី និងមិនត្រឹមតែជាមេដឹកនាំយោធាប៉ុណ្ណោះទេ ប៉ុន្តែលោកត្រូវបានប្រសិទ្ធនាមថាជា «វីរបុរសឯករាជ្យ» ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីនាំយកសេរីភាពមកជូនមាតុភូមិ។
កើតនៅក្រោមអាណានិគមព័រទុយហ្គាល់ លោក ហ្គុសម៉ាវ បានចាប់ផ្តើមជីវិតជាបុគ្គលិកការិយាល័យ និងជាទាហាន ប៉ុន្តែបេះដូងរបស់លោកតែងតែរង់ចាំឱកាសដើម្បីកសាងជាតិ។ នៅពេលដែលឥណ្ឌូណេស៊ីបានកាន់កាប់ទីម័រខាងកើតនៅឆ្នាំ ១៩៧៥ ក្នុងគ្រាដ៏លំបាកលោកបានបោះបង់ចោលជីវិតសុខស្រួលទាំងអស់ ហើយលូនចូលទៅក្នុងព្រៃភ្នំដ៏ដាច់ស្រយ៉ាលនៃមាតុភូមិ ដើម្បីដឹកនាំចលនាតស៊ូប្រដាប់អាវុធដែលមានឈ្មោះថា ហ្វាលីនធីល FALINTIL។

លោកបានក្លាយជា មេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធរំដោះជាតិ។ ក្នុងកំលុងពេលនោះ លោកបានដើរពីភូមិមួយទៅភូមិមួយតាមរយៈផ្លូវសម្ងាត់ទាំងប្រថុយ អត់ធ្មត់នឹងទុកលំបាកវេទនាដើម្បីកៀងគរអ្នកតស៊ូ និងដុតបំផុសស្មារតីស្នេហាជាតិ។ ការដឹកនាំរបស់លោកមិនត្រឹមតែពឹងផ្អែកលើកម្លាំងយោធាមួយប៉ុណ្ណោះទេ តែជាយុទ្ធសាស្ត្រដ៏ឈ្លាសវៃ និងគោលការណ៍ឯកភាពជាតិ ដែលបានបង្រួមបង្រួមក្រុមចលនាជាច្រើនឱ្យរួបរួមគ្នាប្រឆាំងនឹងសត្រូវរួម។
ការតស៊ូដ៏យូរអង្វែងរបស់លោកបានឈានដល់ចំណុចតានតឹង នៅពេលដែលលោកត្រូវបានកងទ័ពឥណ្ឌូណេស៊ីចាប់ខ្លួននៅឆ្នាំ ១៩៩២ បន្ទាប់ពីបានដឹកនាំចលនាអស់រយៈពេល ១៧ ឆ្នាំ។ ជំនួសឱ្យការបាក់ទឹកចិត្ត លោក ហ្គុសម៉ាវ បានបន្តដឹកនាំចលនាតស៊ូ ពីក្រោយខែលពន្ធនាគារនៅប្រទេសឥណ្ឌូនេស៊ី។ ក្នុងគុក លោកបានក្លាយជា អ្នកចម្បាំងកវី ដោយប្រើសមត្ថភាពរបស់ខ្លួននិពន្ធកំណាព្យ និងគូរគំនូរ ដើម្បីជំរុញលើកទឹកចិត្ត និងកម្លាំងចិត្តដ៏ធំធេងសម្រាប់ប្រជាជនដែលកំពុងរស់នៅខាងក្រៅ។ ទង្វើតស៊ូនេះ បានធ្វើឱ្យពិភពលោកងាកមកចាប់អារម្មណ៍លើទីម័រយ៉ាងខ្លាំង ហើយទីបំផុត លោកត្រូវបានដោះលែងនៅឆ្នាំ ១៩៩៩ ដោយមានការជ្រោមជ្រែងពីអង្គការសហប្រជាជាតិ និងបន្ទាប់ពីការធ្វើប្រជាមតិទទួលស្គាល់ឯករាជ្យហើយឥណ្ឌូណេសុីបានដកទ័ពត្រឡប់ទៅវិញ។
នៅពេលដែលលោក សាណាណា ហ្គុសម៉ាវ ត្រឡប់មកដល់មាតុភូមិវិញ លោកមិនមែនត្រឹមជាអ្នកនយោបាយម្នាក់នោះទេ ប្រជាជនបានទុករូបលោកជានិមិត្តរូបនៃក្តីសង្ឃឹមរបស់ពួកគេក្នុងការទាមទារសេរីភាព។ លោកបានបន្តដើរតួនាទីជា ប្រធានាធិបតីទីមួយរបស់ប្រទេសដែលទើបតែចាប់កំណើតថ្មីនៅឆ្នាំ ២០០២ ហើយក្រោយមកក៏ក្លាយជានាយករដ្ឋមន្ត្រីដែលបានដឹកនាំប្រទេសឆ្លងកាត់វិបត្តិនានា និងការកសាងស្ថាប័នរដ្ឋឡើងវិញ។ នៅឆ្នាំ ២០២៣ លោកបានចូលមកកាន់តំណែងជានាយកដ្ឋមន្ត្រីម្ដងទៀត និងរង់ចាំអស់ជាង២០ឆ្នាំ ទើបសម្រេចបានផ្លែផ្កាដ៏ល្អមួយនេះ។

នៅក្នុងក្ដីសង្ឃឹមរបស់បុរសរូបនេះតែងតែរំលឹកខ្លួនឯងជានិច្ចថា សេរីភាពនឹងកើតមានចំពោះប្រទេសរបស់លោកនៅថ្ងៃណាមួយ។ ប្រជាជនទីម័រឡេស្តេឱ្យតម្លៃលោកខ្លាំងណាស់ រហូតពួកគេបានស្ញើចសរសើលោកថា មេនឌែលឡា ឬមានន័យថា មេឃុំក្នុងតំបន់អាស៊ី នោះក៏ព្រោះតែភាពអត់ធ្មត់ និងការប្តេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់ក្នុងការផ្សះផ្សារជាតិក្រោយសង្គ្រាមដ៏ឃោរឃៅ។ លោក ខេយ៍ រ៉ាឡា សាណាណា ហ្គុសម៉ាវគឺជាសក្ខីភាពរស់រវើកមួយកម្លាំងឆន្ទៈនៃបុគ្គលម្នាក់អាចផ្លាស់ប្តូរជោគវាសនាប្រជាជាតិមួយបាន។ ភាពជោគជ័យរបស់ទីម័រឡេស្តេ បានបង្ហាញពិភពលោកថា ការតស៊ូបាននាំមកនូវសេចក្ដីសម្រេចយ៉ាងពិតប្រាកដ។
ជាការអបអរ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានរំលេចឡើងថា កម្ពុជា និងទីម័រឡេស្តេ ទោះបីជាទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម នៅមានកម្រិតតិចតួចនៅឡើយ ប៉ុន្តែទំនាក់ទំនងផ្នែកនយោបាយវិញ គឺភាគីទាំងពីរមានទំនាក់ទំនងយ៉ាងស្អិតរមួត ទាំងក្របខណ្ឌនយោបាយអន្តរជាតិជាដើម ដែលនេះបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំរបស់ប្រទេសទាំងពីរ។ សម្ដេចបានគាំទ្រយ៉ាងពេញទំហឹង ចំពោះការបញ្ចួលប្រទេសទីម័រឡេស្តេជាសមាជិកអាស៊ានយ៉ាងពេញសិទ្ធិ ហើយសម្ដេចក៏បានស្នើទៅរាជរដ្ឋាភិបាលកម្ពុជាឱ្យបន្ថែមចំនួនអាហារូបករណ៏ដល់និស្សិតទីម័រឡេស្តេផងដែរ៕


