ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរពី ឯកឧត្តម សាយ ភោគា និង ឯកឧត្តម ចាន់ សុវត្ថិភាព អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្បូងឃ្មុំ បានចុះពិនិត្យ និងសិក្សា ពីដំណើរការដាំដុះ តាសក់ផ្អែម ប៉េងប៉ោះតូច (ឆឺរី) និងស្ពៃក្រញាញ់ ក្នុងផ្ទះសំណាញ់ ដែលជាកសិដ្ឋានរបស់លោក លីម ផេង នៅភូមិអង្គក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។


លោក លីម ផេង បានរៀបរាប់ថា គាត់បានដំណើរការដាំបន្លែក្នុងផ្ទះសំណាញ់តាំងពីឆ្នាំ ២០២២ បន្ទាប់ពីសិក្សាបទពិសោធន៍ពីប្រទេសម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងសហឋកមន៍កសិកម្មសាមគ្គីតាសី។ បច្ចុប្បន្ន, គាត់មានផ្ទះសំណាញ់ចំនួន ១២ ខ្នង ដាំ តាសក់ផ្អែម, ប៉េងប៉ោះឆឺរី, ស្ពៃ, ត្រកួន និងម្ទេស, ផលិតផលមួយចំនួនលក់ទៅផ្សារក្នុងតំបន់ និងផ្សារទំនើបនៅភ្នំពេញ។



លោក លីម ផេង បញ្ជាក់ថា បច្ចេកទេសដាំក្នុងផ្ទះសំណាញ់អាចការពារដំណាំពីសត្វល្អិត, គ្រប់គ្រងសារធាតុចិញ្ចឹម និងទឹកតាមប្រព័ន្ធទុយោតំណក់ទឹក, ជួយសន្សំទឹក និងធានារសជាតិឆ្ងាញ់ និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ លោកថា ទាក់ទងទីផ្សារ គាត់មិនមានបញ្ហា, ព្រោះមិនទាន់អាចផ្គត់ផ្គង់បានតាមតម្រូវការ, ដូច្នេះមានផែនការពង្រីកផ្ទះសំណាញ់បន្ថែម ៨ ខ្នង ដើម្បីឆ្លើយតបការបញ្ជាទិញ។


ឯកឧត្តម មាស ពិសិដ្ឋ បានកោតសរសើរដល់ការវិនិយោគ និងការប្រើបច្ចេកទេសរបស់លោក លីម ផេង ដែលកាត់បន្ថយហានិភ័យ, គ្រប់គ្រងសារធាតុចិញ្ចឹម និងទឹកបានត្រឹមត្រូវ, ផលិតផលមានសុវត្ថិភាព និងមានទីផ្សារច្បាស់លាស់។ ជាមួយគ្នាលោក ក៏បានគាំទ្រផែនការពង្រីកផ្ទះសំណាញ់បន្ថែម ៨ ខ្នង និងសំណូមពរឲ្យលោក លីម ផេង ចែករំលែកបទពិសោធន៍នេះទៅកសិករ និងសិស្សនិស្សិត ដើម្បីធានាថាការដាំដុះកសិកម្មមានគោលដៅទីផ្សារ និងចំណូលប្រចាំ៕





អត្ថបទ៖អាចារ្យលាក់ 


