បាត់ដំបង÷ សមត្ថកិច្ចបន្តយុទ្ធនាការចុះប្រមូលជនអនាថាជាច្រើននាក់នាំយកទៅមណ្ឌកសុំចត ក្រោយពួកគេបានបង្កភាពគ្មានសណ្តាប់ធ្នាប់ និងរំខានប្រជាពលរដ្ឋអ្នកទេសចរតាមសួនច្បារសាធារណ:។
លោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានប្រាប់អោយដឹងថា÷ យុទ្ធនាការចុះប្រមូលជនអនាថា សតិមិនគ្រប់តាមសួនច្បារសាធារណ: ទីវត្តអារាម ពិសេសក្នុងក្រុងបាត់ដំបងនេះបានធ្វើឡើងកាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ ដើម្បីនាំពួកគាត់យកទៅកាន់មណ្ឌលបន្សាបគ្រឿងញៀន ព្យាបាល និងស្តានិតិសម្បទា នាមណ្ឌលសុំចតមន្ទីរសង្គមកិច្ច ស្រុកសង្កែ ខេត្តបាត់ដំបង។

ការប្រមូលជនអនាថាពេលនេះអនុវត្តតាមការណែនាំរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ដែលឯកឧត្តបាននឹងកំពុងយកចិត្ដទុកដាក់ស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់សណ្តាប់ធ្នាប់របៀបរៀបរយ អនាម័យ និងសោភ័ណភាពក្រុង ពិសេសលុបបំបាត់មិនអោយមានជនអនាថា វិបល្លាស សតិមិនគ្រប់នៅតាមទីសាធារណៈដែលបានស្រែកជេរឡូឡា ឈ្លោះប្រកែកគ្នា រហូតដល់ជេរប្រមាថរំខានទៅដល់ភ្ញៀវអ្នកទេសចរជាបន្តបន្ទាប់ផងដែរ។


លោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន បានបន្តថា ជនអនាថាដែលប្រមូលបានជាច្រើន និងចុងក្រោយពេលនេះ សរុបចំនួន ៧នាក់ ក្នុងនោះស្រីម្នាក់។ ពួកគេភាគច្រើនដេកតាមសួនច្បារសាធារណៈ វត្តអារាម ក្រោមស្ពានមាត់ស្ទឹងសង្កែ។ ចំពោះមុខនេះសមត្ថកិច្ចបានបញ្ជូនពួកគាត់ទៅកាន់មណ្ឌលសុំចតរបស់មន្ទីរសង្គមកិច្ច ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តតាមគោលការណ៍អប់រំ ណែនាំ៕
អត្ថបទ៖ ដំបងក្រញូង


