តាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានបញ្ជាក់ឱ្យដឹងថា គ្រោះរញ្ជួយដីខ្លាំងនៅអាហ្វហ្គានីស្ថានមាន កម្រិត ៦.៣ រ៉ិចទ័រ ដោយបានវាយប្រហារនៅភាគខាងជើងនៃប្រទេសដែលជិតទីក្រុង Mazar-e-Sharif (ម៉ាហ្សារ-អ៊ី-សារីហ្វ) ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់ និងរបួសប្រហែល១៥០នាក់បញ្ជូនទៅសង្គ្រោះបន្ទាន់។

គ្រោះរញ្ជួយដីនេះកើតឡើងក្នុងជម្រៅប្រហែល ២៨ គីឡូម៉ែត្រ របាយការណ៍នៃផលប៉ះពាល់បឋមបានបញ្ជាក់ពីចំនួនអ្នកស្លាប់ និងរបួសក្នុងហេតុការណ៍គ្រោះធម្មជាតិនេះអាចនឹងកើនឡើង ដោយសារប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត នៅក្នុងតំបន់ដាច់ស្រយាល។
គ្រោះរញ្ជួយដីនេះបានធ្វើឱ្យផ្នែកខ្លះនៃវិហារដ៏ពិសិដ្ឋ Blue Mosque ក្នុងទីក្រុង Mazar-e-Sharif រងការខូចខាត។ លើសពីនេះ គ្រោះរញ្ជួយដីនេះក៏បានបង្កឱ្យមាន ដីបាក់រអិល នៅតាមផ្លូវថ្នល់សំខាន់ៗដូចជា ផ្លូវថ្នល់ Samangan-Balkh ដែលបានបិទផ្លូវ និងបង្កគ្រោះថ្នាក់ដល់យានយន្ត។

គួររំលឹកថា អាហ្វហ្គានីស្ថានកើតមានគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនេះត្រឹមតែប៉ុន្មានខែចុងក្រោយ បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៦.០ នៅភាគខាងកើតប្រទេសកាលពីខែសីហា ឆ្នាំនេះដែលបានសម្លាប់មនុស្សជាង ២,២០០ នាក់។ ប្រទេសអាហ្វហ្គានីស្ថានងាយរងគ្រោះខ្លាំងចំពោះគ្រោះរញ្ជួយដី ដោយសារទីតាំងភូមិសាស្ត្ររបស់ប្រទេសនេះស្ថិតនៅកន្លែងដែលបន្ទះផែនទី អឺរ៉ាស៊ី និងឥណ្ឌាបុកប៉ះគ្នា ជាពិសេសតំបន់ភ្នំ Hindu Kush៕

