មានសេចក្តីរាយការណ៍ថា មានករណីជនល្មើសបានប្រើ កាំបិតដេញតាមចាក់ ប្រជាពលរដ្ឋនៅលើរថភ្លើងមួយខ្សែដែលកំពុងធ្វើដំណើរក្នុងខេត្ត ខេមប្រ៊ីជសៀរ បណ្តាលឱ្យមានមនុស្សរងរបួសយ៉ាងតិច ១០ នាក់ ដែលក្នុងចំណោមនោះមាន ៩ នាក់ រងរបួសធ្ងន់ធ្ងរ។

ជំហានដំបូង ប៉ូលីសបានចាប់ខ្លួន ជនសង្ស័យ ២ នាក់ ហើយនៅពេលនេះ មិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៃការបង្កហេតុនៅឡើយទេ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ១៨:២៥ នាទីល្ងាច (ម៉ោងក្នុងស្រុក) នៅលើរថភ្លើងដែលធ្វើដំណើរពីទីក្រុង ដុនខាស្ទើរ ឆ្ពោះទៅកាន់ស្ថានីយ៍ ឡុងដ៍ ឃីង គ្រូស ។

តាមសាក្សីម្នាក់បានផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ BBC ថា គាត់បានឃើញបុរសម្នាក់រត់គេចខ្លួនតាមទូដាក់អ្នកដំណើរ ដោយមានឈាមហូរចេញពីដៃ ហើយបានស្រែកថា “ពួកគេមានកាំបិត! រត់ឱ្យលឿន!”។

លោក ឃៀ ស្តារម័រ នាយករដ្ឋមន្ត្រីអង់គ្លេស បានថ្លែងថា ‘ឧបទ្ទវហេតុដ៏អាក្រក់’ ដែលបានកើតឡើងនៅ​ខេមប្រ៊ីជសៀរ គឺ ‘គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង’ ហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានយ៉ាងតឹងរ៉ឹង។

ប៉ូលីសខេមប្រ៊ីជសៀរ បានប្រកាសថា ហេតុការណ៍នេះជា ករណីធ្ងន់ធ្ងរ ហើយបានបញ្ជាក់ថា មន្ត្រីប្រឆាំងភេរវកម្ម នឹងចូលរួមគាំទ្រការស៊ើបអង្កេតផងដែរ។ បច្ចុប្បន្ន អាជ្ញាធរអង់គ្លេស មិនទាន់បានកំណត់អត្តសញ្ញាណ ជនរងគ្រោះ ក៏ដូចជា មិនទាន់បានបង្ហាញអត្តសញ្ញាណ ជនជាប់ឃុំទាំងពីរនាក់នៅឡើយទេ៕

Share.