ភ្នំពេញ÷ ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយទាំងយប់ នាយប់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដើម្បីបំភ្លឺជូនដល់ប្រជាជនកម្ពុជា កុំឲ្យមានការយល់ច្រឡំចំពោះការលើកឡើងរបស់ថ្នាក់ដឹកនាំថៃមួយចំនួនពាក់ព័ន្ធនឹងការបើកច្រកព្រំដែនកម្ពុជា-ថៃឡើងវិញ។

សម្ដេចបានលើកឡើងថា បន្ទាប់ពី សេចក្តីថ្លែងការណ៍សន្តិភាពរវាងកម្ពុជាថៃ ត្រូវបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ (សម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោក អនុទិន) ក្រោមការជួយសម្របសម្រួលរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន និង ប្រធានាធិបតីសន្តិភាពរបស់អាមេរិកដូណាល់ត្រាំ គឺបានឃើញពីវឌ្ឍនភាពសំខាន់ៗគួរឲ្យកត់សម្គាល់រួមមាន ការប្រជុំ JBC (គណៈកម្មាធិការចម្រុះព្រំដែន) និង RBC (គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ) បានប្រព្រឹត្តទៅដោយរលូន និងមានការដក អាវុធធុនធ្ងន់ ជំហានដំបូងចេញពីតំបន់ជម្លោះ ដោយមានការត្រួតពិនិត្យផ្ទៀងផ្ទាត់ពី ក្រុមសង្កេតការណ៍អាស៊ាន (AOT)។ សម្ដេចបានសម្តែងការរីករាយ និងជំរុញឲ្យប្រជាជនចូលរួមអបអរសាទរចំពោះដំណើរឆ្ពោះទៅរកការបញ្ចប់ ឬបន្ថយអរិយភាពរវាងប្រទេសទាំងពីរនេះ។

ទោះយ៉ាងនេះក្ដី ប្រធានព្រឹទ្ធសភាកម្ពុជាបានស្នើឲ្យប្រជាជនកម្ពុជាត្រូវមានការប្រុងប្រយ័ត្ន និងកុំយល់ច្រឡំរឿងបើកច្រកព្រំដែនកម្ពុជា-ថៃឡើងវិញ ព្រោះសម្ដេចសង្កេតឃើញថា មួយរយៈចុងក្រោយនេះថ្នាក់ដឹកនាំថៃមួយចំនួនបានលើកឡើងយ៉ាងច្រើន ដែលអាចជាប្រធានបទ ឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោត នាពេលខាងមុខនៅប្រទេសថៃផង។

សម្ដេចបានបញ្ជាក់បន្តទៀតថា ការលើកឡើងជាញឹកញាប់របស់ថ្នាក់ដឹកនាំថៃ រាប់ទាំងនាយករដ្ឋមន្ត្រីថៃផង អាចបង្កឲ្យមានការយល់ច្រឡំថា ភាគីកម្ពុជាជាអ្នកទៅសុំភាគីថៃឲ្យបើកច្រកឡើងវិញ។ សម្ដេចបានសង្កត់ធ្ងន់ថា ៖ តាំងពីថៃបិទច្រកទ្វារព្រំដែនជាឯកតោភាគីមកកម្ពុជាមិនដែលបានទៅសុំថៃឲ្យបើកច្រកឡើងវិញនោះទេ។ ថៃអាចបន្តបិទ ១០០ឆ្នាំ ឬ ៥០០ឆ្នាំទៀតក៏ជារឿងរបស់ថៃ ព្រោះ កូនសោស្ថិតក្នុងដៃរបស់ថៃ“។ សម្ដេចបានគូសបញ្ជាក់ថា ការបិទច្រកព្រំដែនរបស់ថៃមិនបានធ្វើឲ្យកម្ពុជាជួបវិបត្តិធ្ងន់ធ្ងរនោះទេ តែផ្ទុយទៅវិញ៖ ការបិទនេះបានផ្តល់ ឱកាសជំរុញផលិតកម្មក្នុងស្រុកឲ្យកើនឡើង ដោយសារទំនិញក្នុងស្រុកបានចូលមកជំនួសទំនិញថៃ។

បន្ថែមពីនេះ សម្ដេចក៏បានលើកឡើងដែរថា ការបិទច្រកព្រំដែនរបស់ថៃ មិនមែនគ្រាន់តែកាត់ផ្តាច់ការតភ្ជាប់រវាងកម្ពុជា-ថៃប៉ុណ្ណោះទេ តែជាការ កាត់ផ្តាច់ការតភ្ជាប់អាស៊ាននិងអាស៊ីផងដែរ ដោយសម្ដេចបានចោទសួរ ឯណាទៅ ហាយវេអាស៊ានផ្លូវដែកអាស៊ាននិងហាយវេអាស៊ី?

ជាសារចុងក្រោយ របស់ប្រធានព្រឹទ្ធសភាកម្ពុជា ជូនដល់ថ្នាក់ដឹកនាំថៃ និងប្រជាជនថៃ គឺ កម្ពុជាមិនទៅសុំថៃបើកច្រកព្រំដែនវិញទេ ហើយសង្ឃឹមថា ប្រជាជនកម្ពុជាក៏មិនយល់ច្រឡំថា ថ្នាក់ដឹកនាំកម្ពុជាទៅសុំថៃឱ្យបើកច្រកព្រំដែនវិញដែរ៕

Share.