បន្ទាយមានជ័យ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រព្រឹត្តទៅក្នុងថ្ងៃទី ៤ ដល់ ៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់ចែងកម្លាំងនគរបាលជាច្រើនរូប ចុះប្រតិបត្តិការការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងសម្រួលចរាចរណ៍ ដើម្បីធានាឱ្យប្រជាពលរដ្ឋអាចចូលរួមបុណ្យបានដោយសុវត្ថិភាព និងសន្តិភាព។



បុណ្យប្រពៃណីជាតិដ៏សម្បូរបែបនេះ ត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ ជាមួយការចូលរួមពីមន្ទីរ ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុក មានគោលបំណងអបអរសាទរវប្បធម៌ប្រពៃណី និងសម្តែងការគោរពដល់ទន្លេមេគង្គ និងបឹងទន្លេសាប ដែលជាប្រភពជីវជាតិដ៏សំខាន់សម្រាប់ជីវភាពប្រជាជន។





ក្រៅពីការធានាសុវត្ថិភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដឹកនាំកម្លាំងនគរបាលនាំយកប្រទីបស្នងការដ្ឋានចូលរួមបណ្ដែតនៅស្ទឹងព្រះពន្លា ភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដើម្បីចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋក្នុងបរិយាកាសសប្បាយរីករាយផងដែរ៕
អត្ថបទ÷បន្ទាយមានជ័យ
