ទីក្រុងអង់ការ៉ា៖ កាលពីថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅសភាពាណិជ្ជកម្មអង់ការ៉ា (Ankara Chamber of Commerce) ក្នុងប្រទេសតួកគីយ៉េ ដើម្បីជួបពិភាក្សាការងារជាមួយលោក Gürsel BARAN ប្រធានសភាពាណិជ្ជកម្ម និងសហការី។




ជំនួបនេះត្រូវបានភាគីតួកគីយ៉េចាត់ទុកជាដំណើរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាដំបូងបង្អស់មកកាន់ស្ថាប័នដ៏សំខាន់នេះ។ក្នុងកិច្ចពិភាក្សាដ៏កក់ក្តៅនោះ ភាគីទាំងពីរបានកត់សម្គាល់ពីវឌ្ឍនភាពពាណិជ្ជកម្មទ្វេភាគីកន្លងមក ហើយបានប្តេជ្ញាផ្លាស់ប្តូរយោបល់លើយន្តការជាក់លាក់ ដើម្បីជំរុញទំហំពាណិជ្ជកម្មរួមគ្នាឲ្យឈានដល់កម្រិត ១ពាន់លានដុល្លារ នៅក្នុងពេលអនាគតខាងមុខ។ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី ចម និម្មល បានគូសបញ្ជាក់ពីវិស័យអាទិភាពចំនួន ៤ ដែលជាសក្តានុពលខ្លាំងក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ រួមមាន៖1. វិស័យបរិក្ខាសុខាភិបាល (Medical Equipment)2. វិស័យទេសចរណ៍សុខភាព (Health Tourism)3. វិស័យវាយនភណ្ឌ និងសម្លៀកបំពាក់ (Textiles and Clothing)4. វិស័យសំណង់ (Construction)លោកជំទាវបានអញ្ជើញពាណិជ្ជករ និងអ្នកវិនិយោគតួកគីយ៉េ ឲ្យមកស្វែងរកកាលានុវត្តន៍ភាពធុរកិច្ច និងដៃគូពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាលើវិស័យទាំងនេះ។





ជាការឆ្លើយតប លោក Gürsel BARAN ប្រធានសភាពាណិជ្ជកម្មអង់ការ៉ា បានសន្យាថានឹងរៀបចំនូវដំណើរទស្សនកិច្ចរបស់ពាណិជ្ជករ និងអ្នកវិនិយោគតួកគីយ៉េទៅកាន់ប្រទេសកម្ពុជា នៅ ដើមឆ្នាំ២០២៦ ខាងមុខនេះ។



ដំណើរទស្សនកិច្ចនេះមានគោលបំណងរៀបចំ ព្រឹត្តិការណ៍ផ្គូរផ្គងអាជីវកម្ម (Business Matching) ជាមួយក្រុមហ៊ុន-សហគ្រាសនៅកម្ពុជា ដើម្បីបកប្រែសក្តានុពលទាំងនេះឲ្យក្លាយជាការពិត។ស្ថាប័នសភាពាណិជ្ជកម្មអង់ការ៉ានេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩២៣ និងមានសមាជិកជាក្រុមហ៊ុន និងសហគ្រាសជាង ១៧០,០០០ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅតួកគីយ៉េ ជាពិសេសក្នុងរដ្ឋធានីអង់ការ៉ា។
