យោងតាមកាសែតថៃ The Nation Thailand បានចេញអត្ថបទមួយមានចំណងជើងថា «រដ្ឋមន្ត្រីការពារជាតិថៃប្រកាសជំហររឹងមាំ៖ប្រាសាទតាក្របី ត្រូវតែត្រលប់មកថៃវិញទើបបញ្ហាដទៃត្រូវបានដោះស្រាយ»
នៅក្នុងខ្លឹមសារដែលកាសែតនោះផ្សាយ មានអត្ថន័យទាំងស្រុងថា លោក ឧត្តមសេនីយ៍ណាត់ថៈផុនណាក់ផានិច្ច (Gen Nattaphon Narkphanit) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានថ្លែងដោយម៉ឺងម៉ាត់អំពីស្ថានភាពបច្ចុប្បន្នពាក់ព័ន្ធនឹង ប្រាសាទតាក្របី ដោយលោកបានប្រកាស ក្នុងសន្និសីទសារព័ត៌មានមួយ ថា៖ បញ្ហានេះនឹងមិនត្រូវបានដោះស្រាយនោះទេរហូតដល់ប្រាសាទតាក្របី ត្រូវបានប្រគល់មកឲ្យប្រទេសថៃវិញ ដោយសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់យោធាថៃក្នុងការទាមទារទីតាំងនេះមកវិញ។


លោក ណាត់ថៈផុន បានអះអាងថា គណៈរដ្ឋមន្ត្រីមិនទាន់បានពិភាក្សាអំពីបញ្ហាប្រាសាទតាក្របី នោះទេ ហើយបានអះអាងម្តងទៀតថា ទីតាំងនេះ នៅតែជាផ្នែកមួយរបស់ប្រទេសថៃ។

ដោយឡែកចំពោះករណីកងកម្លាំងកម្ពុជាទាំង១៨នាក់ ដែលថៃចាប់ដោយខុសច្បាប់ ក្រោយបទឈប់បាញ់ ត្រូវបានរដ្ឋមន្ត្រីរូបនេះពន្យល់ថា ការពិភាក្សាអំពីការដោះលែង ទាហាន១៨នាក់ កំពុងតែបន្ត ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា គ្មានប្រធានបទផ្សេងទៀត នឹងត្រូវបានលើកយកមកពិភាក្សានោះទេ រួមទាំងការបើកច្រកព្រំដែនឡើងវិញផងដែរ រហូតទាល់តែបញ្ហាប្រាសាទតាក្របី ត្រូវបានដោះស្រាយ។

មានសំនួរខ្លះបាន លើកឡើងចំពោះការអះអាង មួយលើកជាពីរលើក របស់ភាគីថៃ ដោយបានប្រឹងទាញយកហេតុផលផ្សេងៗមកភ្ជាប់ជាមួយការដោះលែងកងកម្លាំងកម្ពុជា ការបើកច្រកព្រំដែនឡើងវិញ បញ្ហាស្កែមម័រ គឺគ្រាន់តែលេស ដើម្បីជាការពន្យារពេល ឬមានចេតនា ទុកពេល ឱ្យនយោបាយក្នុងស្រុករបស់ខ្លួន ដែលកំពុងប្រទាំងប្រទើស និង ល្អក់កករខ្លាំងអាចរកផ្លូវដោះស្រាយចេញ ឬមួយយ៉ាងណា ដូច្នេះទើបពួកគេប្រឹងសង្កត់ និងទាញយកគ្រប់បញ្ហាជាមួយកម្ពុជា ដែលជាកូនសោរសំខាន់ មកនិយាយគ្រប់កាលៈទេសៈ៕

Share.