តាមការផ្សាយពីទូរទស្សន៍ PPTV36 មានសេចក្តីរាយការណ៍ពីក្នុងក្រសួងការពារជាតិថា សហរដ្ឋអាមេរិកបានប្រើប្រាស់ «វិធានការរបាំងពន្ធ» ដើម្បីដាក់សម្ពាធយ៉ាងខ្លាំងក្លាទៅលើប្រទេសថៃ ឱ្យយល់ព្រមដោះលែង ទាហានកម្ពុជា ១៨ នាក់ ដែលត្រូវចាប់ខ្លួន ដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ ពោលគឺនៅក្រោយពេលបទឈប់បាញ់។

រឿងរ៉ាវនេះកើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា កងទ័ពជើងគោកថៃបានសម្របសម្រួលទៅបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរីនិងត្រាត ឱ្យត្រៀមលក្ខណៈនិងរៀបចំទីកន្លែងស្នាក់នៅ ដើម្បីត្រៀមសម្រាប់ការដោះលែង ទាហានកម្ពុជាចំនួន ១៨ នាក់ នៅច្រកទ្វារព្រំដែនអចិន្ត្រៃយ៍បានផាក់កាត ស្រុកប៉ូងណាំរ៉ន ខេត្តច័ន្ទបុរី នាថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ។
ថ្មីៗនេះ ក្រុមអ្នកយកព័ត៌មាន PPTV បានសាកសួរប្រភពជាន់ខ្ពស់នៅក្នុងក្រសួងការពារជាតិ ហើយបានទទួលការបញ្ជាក់ថា នេះគឺជា រឿងពិត។ មូលហេតុសំខាន់គឺ សហរដ្ឋអាមេរិកបានប្រើប្រាស់បញ្ហា “របាំងពន្ធ” ដើម្បីដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរ ទើបភាគីថៃយល់ព្រមដោះលែងទាហានកម្ពុជាដើម្បីកាត់បន្ថយផលប៉ះពាល់ដែលអាចកើតឡើងដល់ប្រជាជនថៃទូទាំងប្រទេស។ អ្វីដែលសំខាន់ជាងនេះទៀត ការឃុំខ្លួនទាហានទាំងនោះក្នុងរយៈពេលយូរ អាចបង្កជាបញ្ហាជាមួយនឹងអនុសញ្ញា ឬច្បាប់អន្តរជាតិ ផងដែរ។
ម្យ៉ាងវិញទៀត ភាគីកម្ពុជាបានអះអាងថា ខ្លួនបានបំពេញតាម លក្ខខណ្ឌ ៤ ចំណុច ដែលភាគីថៃបានស្នើ ដោយកម្ពុជាបានអះអាងថា អ្វីៗទាំងអស់នឹងបង្ហាញឱ្យឃើញជាក់ស្តែង នៅត្រឹមថ្ងៃទី ១០ ខែវិច្ឆិកាខាងមុខនេះ ដូច្នេះហើយ ភាគីថៃនឹងដោះលែងទាហានកម្ពុជាទាំង ១៨ នាក់ នៅក្នុងអំឡុងថ្ងៃទី ១១-១២ ខែវិច្ឆិកានេះ៕

