ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន ក្នុងសំណុំរឿង ក្លែងបន្លំឯកសារ និងកាត់សោផ្ទះអ្នកដទៃ ដើម្បីចូលស្នាក់នៅ ។

ការឃាត់ខ្លួនក្រុមជនសង្ស័យទាំងនោះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅបុរីម៉ន ដានី គម្រោងទី២០ ផ្ទះលេខ៣៨ ផ្លូវលេខ២ ក្នុងភូមិស្វាយ សង្កាត់ស្នារ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនត្រូវឃាត់ខ្លួនទាំង៤នាក់ ៖ ទី១ ឈ្មោះ វ៉ាន់ ស្រីនីត ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ , ទី២ ឈ្មោះ សាម ស៊ាមមួយ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ , ទី៣ ឈ្មោះ ផែន ម៉ូនីកា ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ និង ទី៤ ឈ្មោះ សឿន ណាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីម្ចាស់ផ្ទះ ឈ្មោះ ឯក រិទ្ធីវណ្ណ ភេទប្រុស បានប្តឹងទៅនាយកដ្ឋានព្រហ្មទណ្ឌ ដោយមានជនសង្ស័យមួយក្រុមធ្វើសកម្មភាព កាត់សោផ្ទះរបស់ខ្លួនចូលស្នាក់នៅ ទើបកម្លាំងនគរបាល ចុះទៅពិនិត្យ ស្រាវជ្រាវ ឃើញថា ជនសង្ស័យចំនួន៤នាក់ ធ្វើឯកសារក្លែងបន្លំ ដើម្បីចូលនៅផ្ទះខាងលើ ធ្វើជាផ្ទះរបស់ខ្លួន ធ្វើការឃាត់ខ្លួននាំយកទៅសាកសួរ ។

ជនសង្ស័យទាំង៤នាក់ បានសារភាពថា ពួកខ្លួនពិតជាក្លែងឯកសារ និងកាត់សោផ្ទះខាងលើចូលស្នាក់នៅពិតប្រាកដមែន និងដើម្បីរត់ឯកសារ តបណ្តាញទឹក ភ្លើង ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកា ចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.