ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអះអាងថា ដំណើរការនៃការធ្វើជំរឿនមន្ត្រីរាជការស៊ីវិលនាពេលបច្ចុប្បន្ននេះ មិនមែនជាដំណើរការនៃការអនុវត្តការវះកាត់ រកកំហុសរបស់មន្ត្រី រហូតឈានដល់ការដាក់ពិន័យណាមួយនោះទេ។

ការលើកឡើងនេះ គឺដើម្បីបន្ធូរភាពព្រួយបារម្ភរបស់មន្ត្រី ខណៈដែលគោលដៅចម្បងនៃការធ្វើជំរឿន គឺដើម្បី ផ្ទៀងផ្ទាត់ទិន្នន័យដែលមាននៅក្នុងប្រព័ន្ធ ជាមួយមន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែង ទៅតាមរចនាសម្ព័ន្ធដែលមានស្រាប់។

ការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើឡើងនាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្នុងឱកាសបើកយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែងនៅទីស្ដីការក្រសួងមុខងារសាធារណៈ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្នើសុំឱ្យមានការចូលរួមអនុវត្តទាំងអស់គ្នា ដោយលោកបានគូសបញ្ជាក់ថា៖«ទិន្នន័យដែលមានភាពច្បាស់លាស់ គឺជាមូលដ្ឋានគ្រឹះនៃដំណើរការធ្វើទំនើបកម្មនៃប្រព័ន្ធរដ្ឋបាលសាធារណៈ»។

ដំណើរការជំរឿននេះ នឹងត្រូវអនុវត្តទៅតាម ក្រសួង-ស្ថាប័នទាំង ៣១ ដោយចាប់ផ្តើមនៅក្រសួងមុខងារសាធារណៈ, គ្រឹះស្ថានសិក្សាសាធារណៈ (ចាប់ផ្តើមនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ), និងអង្គភាពសុខាភិបាលមូលដ្ឋាន (ចាប់ផ្តើមនៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ (OD) ចតុមុខ រាជធានីភ្នំពេញ)។

ក្នុងនោះដែរ រដ្ឋមន្ត្រីក្រសួងមុខងារសាធារនៈ បានលើកឡើងពីចំណុចសំខាន់ៗចំនួន ៤ ដែលជាការរំពឹងទុកពីលទ្ធផលនៃការធ្វើជំរឿននេះ៖

  1. អត្ថបទ៖ត្រយង
  2. ទិន្នន័យតែមួយដែលច្បាស់លាស់ និងឯកភាពគ្នា៖ ធានាការប្រើប្រាស់រួមគ្នាតែមួយសម្រាប់គ្រប់ស្ថាប័ន។
  3. មូលដ្ឋានគ្រប់គ្រង និងរៀបចំផែនការមន្ត្រី៖ ផ្តល់មូលដ្ឋានច្បាស់លាស់ក្នុងការគ្រប់គ្រងស្ថានភាពមន្ត្រី, រៀបចំផែនការជ្រើសរើសបំពេញកន្លែងខ្វះខាតពិតប្រាកដ, ផែនការអភិវឌ្ឍន៍សមត្ថភាព, និងការពង្រាយមន្ត្រី។
  4. បញ្ចូលទិន្នន័យក្នុងប្រព័ន្ធបច្ចេកវិទ្យា (Database): ផ្តល់ភាពងាយស្រួលដល់ការអនុវត្តការងារដូចជា ការប្រែប្រួលស្ថានភាពមន្ត្រី, ការបើកបៀវត្ស, ការឡើងឋានន្តរស័ក្តិ, និងអត្ថប្រយោជន៍សហព័ទ្ធជាដើម។
  5. ពង្រឹងប្រសិទ្ធភាពស្ថាប័ន និងចំណាយថវិកាជាតិ៖ ការគ្រប់គ្រងបាននូវស្ថានភាពជាក់ស្តែងនៃរចនាសម្ព័ន្ធ និងចំនួនមន្ត្រីបំពេញការងារជាក់លាក់ នឹងអនុញ្ញាតឱ្យមានការពង្រឹងប្រសិទ្ធភាពស្ថាប័ន ឆ្លើយតបនឹងការងារជាក់ស្តែង និងចូលរួមយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពនៃការចំណាយថវិកាជាតិ៕
Share.