ត្បូងឃ្មុំ៖ ខេត្តត្បូងឃ្មុំបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់សាធារណៈថ្នាក់ខេត្ត ស្ដីពីលទ្ធផលបឋមនៃសេចក្តីព្រាងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) សម្រាប់គម្រោងអាជីវកម្មរ៉ែលោហៈរបស់ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) នៅតំបន់មេមត់ លើផ្ទៃដី ២,៧៤៦ហិកតា។ សិក្ខាសាលានេះធ្វើឡើងនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពីរដ្ឋបាលខេត្ត ស្ថាប័នជំនាញ ក្រុមហ៊ុនវិនិយោគ និងភាគីពាក់ព័ន្ធផ្សេងៗ។

តាមការបញ្ជាក់របស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ គម្រោងរ៉ែលោហៈ នេះអាចរួមចំណែកបង្កើនសេដ្ឋកិច្ចមូលដ្ឋាន ប៉ុន្តែត្រូវតែអនុវត្តដោយគិតគូរខ្ពស់បំផុតលើផលប៉ះពាល់ជាវិជ្ជមាន និងអវិជ្ជមាន ទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសការការពារបរិស្ថាន និងធនធានធម្មជាតិ ដែលជាកេរ្តិ៍ដំណែលសម្រាប់កូនចៅជំនាន់ក្រោយ។

ជាមួយគ្នា ឯកឧត្តម ប៉ែន កុសល្យ បានជំរុញឲ្យក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) ត្រូវអនុវត្តតាមគោលការណ៍ណែនាំ និងបទប្បញ្ញត្តិបច្ចេកទេសនានាឲ្យបានម៉ឺងម៉ាត់ ព្រមទាំងត្រូវត្រៀមលក្ខណៈក្នុងការដោះស្រាយរាល់បញ្ហាប្រឈម ឬផលប៉ះពាល់ដែលអាចកើតមានឡើងចំពោះប្រជាពលរដ្ឋ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្តនឹងបន្តតាមដាន និងត្រួតពិនិត្យយ៉ាងដិតដល់នូវការអនុវត្តគម្រោងនេះ ដើម្បីធានាថាផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងនិរន្តរភាពបរិស្ថានត្រូវបានការពារយ៉ាងពេញលេញ ។

គួរបញ្ជាក់ថា សិក្ខាសាលានេះ ត្រូវបានសង្កេតឃើញថា ជាចំណុចសំខាន់ក្នុងការបើកឱកាសឲ្យសាធារណជនចូលរួមផ្តល់យោបល់ និងធានាថាគម្រោងវិនិយោគធំមួយនេះ អនុវត្តទៅតាមគោលការណ៍និរន្តរភាព និងផលប្រយោជន៍រួមរបស់សហគមន៍៕

អត្ថបទ៖ អាចារ្យលាក់

Share.