ញូវយ៉ក៖ ញូវយ៉ក៖ សមាជិកម្នាក់នៃក្រុមឧក្រិដ្ឋជនតូក្យូ ឬគេច្រើនហៅថាបងធំ យ៉ាគូសា(Yakuza) របស់ប្រទេសជប៉ុន ត្រូវបានតុលាការក្រុងញូវយ៉ក កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំ កាលពីថ្ងៃអង្គារ ទី៣ ខែមីនា បន្ទាប់ពីរកឃើញថា មានទោសកំហុសពីបទជួញដូរសារធាតុនុយក្លេអ៊ែរ ព្រមទាំងគ្រឿងញៀន និងអាវុធផ្សេងៗ។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦។ ជនជាប់ចោទឈ្មោះ Takeshi Ebisawa អាយុ ៦១ ឆ្នាំ ត្រូវបានឃុំខ្លួនតាំងពីខែមេសា ឆ្នាំ២០២២ មកម៉្លេះ ក្រោមបទចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងអាវុធ រួមជាមួយបក្សពួកម្នាក់ទៀតជាជនជាតិថៃឈ្មោះ Somphop Singhasiri បន្ទាប់ពីមានការស៊ើបអង្កេតអស់រយៈពេលជាច្រើនឆ្នាំដោយទីភ្នាក់ងារប្រឆាំងគ្រឿងញៀនអាមេរិក (DEA)។

តាមការស៊ើបអង្កេត ជននេះមានមហិច្ឆតាដ៏គ្រោះថ្នាក់បំផុតក្នុងការបង្កើតបណ្តាញពាណិជ្ជកម្មខុសច្បាប់រវាងក្រុមប្រដាប់អាវុធ និងប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា។ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ លោក Takeshi ក៏ត្រូវបានចោទប្រកាន់បន្ថែមពីបទព្យាយាមលក់ សារធាតុនុយក្លេអ៊ែរកម្រិតយោធា រួមជាមួយគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន និងមេតំហ្វេតាមីន ដើម្បីយកប្រាក់ទៅទិញអាវុធ រួមទាំងមីស៊ីលសម្រាប់បាញ់ទៅដែនអាកាស ដើម្បីផ្គត់ផ្គង់ដល់ក្រុមប្រដាប់អាវុធនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។



យ៉ាងណាម៉ិញកាលពីខែមករា ឆ្នាំ២០២៥ កន្លងទៅ ជនជាប់ចោទរូបនេះ បានសារភាពកំហុសលើបទចោទប្រកាន់សរុបចំនួន ៦ករណី ដែលនាំឱ្យឈានដល់ការប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ ២០ឆ្នាំ នៅដើមខែមីនា ឆ្នាំ២០២៦ នេះតែម្តង។ ការកាត់ទោសនេះ ត្រូវបានគេចាត់ទុកថាជា ជោគជ័យដ៏ធំមួយរបស់សហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ការរីកសាយភាយអាវុធ ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខសកលលោក ដោយឡែក លោក John Eisenberg ជំនួយការអគ្គមេធាវីទទួលបន្ទុកសន្តិសុខជាតិ បានមានប្រសាសន៍ថា៖ «Takeshi Ebisawa ត្រូវបានទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន រួមទាំងការព្យាយាមលក់សារធាតុភ្លុយតូញ៉ូម (Plutonium) កម្រិតអាវុធទៅឱ្យប្រទេសអ៊ីរ៉ង់ និងការបង្ហូរគ្រឿងញៀនដ៏សាហាវចូលក្នុងទីក្រុងញូវយ៉ក»៕

