នៅព្រឹកថ្ងៃទី១៧ វិច្ឆិកា ២០២៥នេះ ក្លិបបាល់ទាត់វិសាខា បានប្រកាសតែងតាំងគ្រូបង្វឹកថ្មី គឺលោក Scott Cooper ជនជាតិអង់គ្លេស ដែលមានប្រវត្តិដឹកនាំក្រុមជម្រើសជាតិ ៤ប្រទេស ពិសេសក្រុមជាច្រើននៅក្នុងតំបន់អាស៊ាន។

លោក Scott Cooper មានប្រវត្តិជោគជាំនិងស្គាល់ច្បាស់ពីបាល់ទាត់នៅក្នុងតំបន់អាស៊ានយើង ដោយលោកគ្រូមានប្រវត្តិធ្លាប់ដឹកនាំ ក្រុមជម្រើសជាតិចំនួន ៤ រួមមាន៖ អង់ហ្គីឡា ម៉ុងសឺរ៉ាត់ អង់គ្លេស និងហ្វីលីពីន និងចុងក្រោយលោកបានដឹកនាំក្រុម នៅលីគកំពូលឥណ្ឌូា Indian Super League មុនមកចូលរួមជាមួយវិសាខា។
ប្រវត្តិនៃការដឹកនាំរបស់លោកក្នុងអាជីពបាល់ទាត់រួមមាន៖ ចាប់ផ្ដើមអាជីពនៅក្នុងវិស័យបាល់ទាត់ដំបូងនៅឆ្នាំ១៩៩១ ដឹងនាំក្រុម South Florida Bulls របស់សាកលវិទ្យាល័យ University of South Florida។ ឈានដល់ឆ្នាំ១៩៩៩ លោកបានក្លាយជាគ្រូជំនួយនៅក្លិប Chester City ឆ្នាំ២០០១ ដឹកនាំក្រុមជម្រើសជាតិ អង់ហ្គីឡា ឆ្នាំ២០០៥ ដឹកនាំក្រុមជម្រើសជាតិម៉ុងសឺរ៉ាត់ មុនផ្លាស់ទៅក្រុមជម្រើសជាតិ អង់ហ្គីឡាវិញ នៅឆ្នាំ២០០៩។

លុះដល់ឆ្នាំ២០១០ លោក Scott Cooper លោកបានដឹកនាំក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ អង់គ្លេស បាន១ឆ្នាំ និងផ្លាស់ទៅដឹកនាំក្រុមយុវជនរបស់ក្លិប Leicester City ឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៣ លោកបានធ្វើដំណើរមកកាន់តំបន់អាស៊ាន ក្រុម Buriram United និងប្ដូរមកក្លិប Muangthong United នៅឆ្នាំ២០១៤ បានមួយរយៈលោកបានចេញចេញទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដោយចូលរួមជាមួយក្រុម Mitra Kukar។
នៅឆ្នាំ២០១៥នេះដែរ លោក Scott Cooper បានត្រឡប់មកកាន់ប្រទេសថៃវិញ ដោយចូលរួមជាមួយក្រុម Ubon UMT United រហូតដល់ឆ្នាំ២០១៨ ទើបផ្លាស់ទៅដឹកនាំក្រុម Police Tero និងបន្តមកដឹកនាំក្រុមជម្រើសជាតិហ្វីលីពីន នៅឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២២ នៅក្នុងឆ្នាំ២០២២នេះដែរ លោកក៏បានចូលរួមដឹកនាំក្រុម Port F.C. ផងដែរ ខណ:ការដឹកនាំក្រុមចុងក្រោយរបស់លោក នៅក្រុម Jamshedpur លីគកំពូលឥណ្ឌូ Indian Super League មុនមកចូលរួមជាមួយវិសាខា។
គួរបញ្ជាក់ថា លោក Scott Cooper ជនជាតិអង់គ្លេស បច្ចុប្បន្នមានវ័យ ៥៥ឆ្នាំ សព្វថ្ងៃលោកគ្រូកំពុងកាន់សញ្ញាបត្រ UEFA Pro License៕


