ក្នុងនាមជាអគ្គភស្តុភារជាន់ខ្ពស់សម្រាប់កម្លាំងប្រដាប់អាវុធ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានប្រកាសពីផែនការផលិតអាវក្រោះសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់ដល់កងទ័ពកម្ពុជា ហើយនឹងនាំចេញទៅក្រៅប្រទេសថែមទៀត ប្រសិនមានការបញ្ជាទិញ។

បើតាមសម្តេចតេជោ ហ៊ុន សែន  អាវក្រោះដែលកម្ពុជាផលិតនេះ ម៉ាក «DSS» ហើយសម្តេច គឺជាថៅកែរោងចក្រផលិតអាវក្រោះនេះតែម្តង។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នៅវិទ្យាស្ថានជាតិអប់រំ។

ពាក់ព័ន្ធនឹងការបំពាក់សម្ភារៈជូនដល់កងទ័ព សម្តេចតេជោ ហ៊ុន សែន បានថ្លែងទទួលស្គាល់ពីការខ្វះចន្លោះរបស់កម្ពុជា ក្នុងការផ្គត់ផ្គង់អាវក្រោះ និងមួកសុវត្ថិភាពការពារសម្រាប់កងទ័ព នៅពេលមានការផ្ទុះអាវុធ នៅតាមព្រំដែនជាមួយភាគីថៃ ដោយសារគិតថាគ្មានសង្គ្រាមកើតឡើង ប៉ុន្តែនៅពេលនេះកងទ័ពកម្ពុជា សុទ្ធតែបានបំពាក់អាវក្រោះ និងសម្ភារគ្រប់គ្រាន់ហើយ។

សម្តេចបានថ្លែងថា យុទ្ធសាស្ដ្រ «ស្ងាត់ តែមិនស្ងៀម» បច្ចុប្បន្នការបំពាក់សម្ភារៈការពារឲ្យកងទ័ព គឺមានគ្រប់គ្រាន់ហើយ៕

អត្ថបទ៖ត្រយង

Share.