ស្របតាមការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងបន្តយុទ្ធនាការយ៉ាងក្ដៅគគុក។ ជាលទ្ធផល នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការចុះឆែកឆេរទីតាំងសង្ស័យមួយកន្លែង និងឃាត់ខ្លួនជនបរទេសមួយក្រុម។

ក្រោមការបញ្ជាដឹកនាំផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការជ្រោមជ្រែងពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យផ្ទាល់នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង។

ប្រតិបត្តិការនេះធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីពីសំណាក់ ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោយទទួលបានសេចក្តីរាយការណ៍ពីវត្តមានជនបរទេសស្នាក់នៅមិនប្រក្រតី។

លទ្ធផលនៃកិច្ចប្រតិបត្តិការ

ជាលទ្ធផល ក្នុងទីតាំងផ្ទះរបស់ឈ្មោះ សុខ នី សមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនជាតិឥណ្ឌូណេស៊ីចំនួន ៦នាក់ (ស្រី ៤នាក់) រួមជាមួយវត្ថុតាងសង្ស័យជាច្រើនដែលបម្រើឱ្យសកម្មភាពខុសច្បាប់ រួមមាន៖

  • ឧបករណ៍បច្ចេកវិទ្យា៖ ទូរសព្ទដៃ ៥៩គ្រឿង, កុំព្យូទ័រយួរដៃ (Laptop) ៧គ្រឿង និងឧបករណ៍ថតសំឡេង ៨គ្រឿង។
  • សម្ភារៈបន្លំភ្នាក់ងាររដ្ឋ៖ ឯកសណ្ឋានសមត្ថកិច្ចបរទេស (អាវ ៤កំប្លេ រួមមានសញ្ញាស័ក្តិ និងឡូហ្គោមួយចំនួន)។
  • គ្រឿងញៀន៖ ម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៦០កញ្ចប់ (តូច ៥៩ និងធំ ១)។

អាជ្ញាធរបានបញ្ជាក់ថា ប្រតិបត្តិការនេះក៏ជាការអនុវត្តតាម អនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដែលតម្រូវឱ្យជនបរទេសទាំងអស់ត្រូវតែចុះបញ្ជី និងជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចរាល់ការស្នាក់នៅទាំងរយៈពេលខ្លី និងវែង៕

អត្ថបទ៖ត្រយង

Share.