កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យសិក្សាដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន រួចធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ វិញ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ។
សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បង្កើតឡើងក្នុងគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។
ក្រៅពីទទួលយកសេចក្តីព្រាងច្បាប់ខាងលើមក ពិនិត្យសិក្សា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានអនុម័តបញ្ចូលសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលគណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យសិក្សាចប់សព្វគ្រប់ហើយនោះ ទៅក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ខាងមុខនេះផងដែរ៕



អត្ថបទ៖ត្រយង
