ភ្នំពេញ៖ ក្រសួងព័ត៌មានបានលុបបណ្ណអ្នកសារព័ត៌មាន របស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន បានបង្ហោះពីនៅពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម រត់គេចចេញពីសាលាដំបូងខេត្តស្វាយរៀង អមដោយការអត្ថាធិប្បាយ ជាមួយពាក្យសម្តីមិនសមរម្យលើស្ត្រីជាជនសង្ស័យ និងការយកដៃទៅអង្អែលថ្ពាល់របស់ជនសង្ស័យជាស្ត្រីនោះ កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។


ក្រសួងព័ត៌មានបញ្ជាក់ថា តាមការស្រាវជ្រាវ ភាសាដែលបានប្រើប្រាស់ និងដៃដែលអង្អែលថ្ពាល់ស្ត្រីជនសង្ស័យ គឺជាដៃរបស់អ្នកកាសែតអនឡាញម្នាក់ឈ្នោះ ខាន់ សារ័ត្ន ដែលរស់នៅ និងបម្រើការនៅខេត្តស្វាយរៀង។ ហើយទង្វើនេះ ជាទង្វើខ្វះសីលធម៌ និងបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន ដែលហាមឃាត់ មិនឱ្យអ្នកសារព័ត៌មានប្រើប្រាស់ពាក្យសម្តី និងបៀតបៀនរូបរាងកាយរបស់ស្ត្រីឡើយ។

ក្រសួងព័ត៌មានបានបញ្ជាក់ទៀតថា ក្រៅពីលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន នេះហើយ ក្រសួងព័ត៌មាន ក៏បានដាក់បុគ្គលនេះក្នុងបញ្ជីហាមឃាត់មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ចាប់ពីពេលនេះតទៅ។ ហើយជាវិធានការបន្ត នៅព្រឹកថ្ងៃទី១៩ វិច្ឆិកា ២០២៥នេះ ក្រសួងព័ត៌មាននិងឱ្យមន្ត្រីជំនាញនឹងកោះហៅ ខាន់ សារ័ត្ន មកធ្វើការណែនាំ និងអនុវត្តវិធានការតាមលិខិតបទដ្ឋានគតិយុត្ត និងច្បាប់ជាធរមាន៕
អត្ថបទ៖កណ្តាល

(
