ហាណូយ៖ ក្រុមអ្នកជួយសង្រ្គោះបានជម្លៀសប្រជាជនដែលជាប់គាំងពីលើដំបូលផ្ទះ ដោយសារជំនន់ទឹកភ្លៀងជន់លិចភាគកណ្តាលប្រទេសវៀតណាម ជាកន្លែងដែលអាជ្ញាធរវៀតណាម បាននិយាយនាថ្ងៃព្រហស្បតិ៍ នេះថា យ៉ាងហោចណាស់មនុស្ស ១៦នាក់បានស្លាប់ ដោយសារគ្រោះមហន្ដរាយមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។

បើតាមក្រសួងបរិស្ថានបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៦នាក់ត្រូវបានសម្លាប់ចាប់តាំងពីចុងសប្តាហ៍មុន ខណៈមនុស្ស ៥នាក់ផ្សេងទៀតបានបាត់ខ្លួន ផ្ទះជាង ៤៣,០០០ខ្នងត្រូវបានជន់លិច ហើយដងផ្លូវសំខាន់ៗជាច្រើន នៅតែត្រូវបានបិទដោយសារតែការរអិលបាក់ដី។

យ៉ាងណាម៉ិញ ប្រតិបត្តិការស្វែងរកនឹងជួយសង្រ្គោះ កំពុងបន្ដស្វែងរកអ្នកបាត់ខ្លួនជាបន្ដទៀត។ ទន្ទឹមនោះក្រសួងការពារជាតិ បានដាក់ពង្រាយឧទ្ធម្ភាគចក្រ ដើម្បីស្វែងរកមនុស្សដែលជាប់គាំងនៅតាមលំនៅដ្ឋាន។
រូបថតរបស់ AFP បានបង្ហាញថា នៅតំបន់ឆ្នេរ Nha Trang ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយម និងទីក្រុងទាំងមូលត្រូវបានជន់លិច ដោយបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនានា។


យោងតាមការិយាល័យអាកាសធាតុជាតិបានឱ្យដឹងថា នៅទីក្រុង Da Lat មានការរអិលបាក់ដី ដោយមនុស្សជាច្រើនត្រូវបានសម្លាប់ ហើយតំបន់ខ្លះមានភ្លៀងធ្លាក់រហូតដល់ ៦០០មីលីម៉ែត្រចាប់តាំងពីចុងសប្តាហ៍។

ភ្លៀងធ្លាក់ឥតឈប់ឈរទូទាំងភាគកណ្តាលភាគខាងត្បូងប្រទេសវៀតណាម ចាប់តាំងពីចុងខែតុលា បានធ្វើឱ្យខូចខាតដល់ថវិកាជាតិជាង ២ពាន់លានដុល្លារអាមេរិក ខណៈទីតាំងប្រវត្តិសាស្ត្រ និងកន្លែងកម្សាន្តតាមឆ្នេរសមុទ្រដ៏ពេញនិយមត្រូវបានវាយប្រហារដោយទឹកជំនន់ផងដែរ។
សូមជម្រាបថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ងាយនឹងមានភ្លៀងធ្លាក់ខ្លាំងនៅចន្លោះខែមិថុនា និងខែកញ្ញា ប៉ុន្តែភស្តុតាងវិទ្យាសាស្ត្របានកំណត់នូវគំរូនៃការប្រែប្រួលអាកាសធាតុដែលជំរុញដោយកត្តាមនុស្សធ្វើឱ្យអាកាសធាតុប្រែប្រួលកាន់តែញឹកញាប់ និងរងការបំផ្លិចបំផ្លាញ៕

