នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អគ្គនាយដ្ឋានអត្តសញ្ញាណ ក្រសួងមហាផ្ទៃបានចេញសេចក្ដីជូនព័ត៌មានពាក់ព័ន្ធនឹងបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គល តើត្រូវដោះស្រាយដូចម្ដេច? ។ ក្នុងសេចក្ដីជូនព័ត៌មាននេះ អគ្គនាយកដ្ឋានបានបំផុសសំណួរចោទចំនួន៣ ដែលតែងតែមានសាធារណជនលើកឡើងជុំវិញបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គល។

ទី១-តើបញ្ហាខុសទិន្នន័យជាកំហុសរបស់អ្នកណា? បើតាមសេចក្ដីជូនព័ត៌មាន កំហុសទិន្នន័យលើឯកសារអត្រានុកូលដ្ឋានមានលក្ខណៈចម្រុះ និងស្មុគស្មាញ បានកើតឡើងដោយសារកត្តា៣សំខាន់ៗ ពាក់ព័ន្ធទាំង មន្ត្រីជំនាញ និងប្រជាពលរដ្ឋ។ ១.កំហុសដែលកើតឡើងដោយអចេតនា មានន័យថា ទោះបីមានការពិនិត្យ ឬផ្ទៀងផ្ទាត់ហើយក្តី ប៉ុន្តែពុំបានកត់សម្គាល់ឃើញពីកំហុសនោះ។ ២.កំហុសដែលកើតឡើងដោយមន្ត្រីជំនាញដោយសារការធ្វេសប្រហែស របស់មន្ត្រីដែលពុំបានយកចិត្តទុកដាក់។ ៣.កំហុសដែលកើតឡើងដោយប្រជាពលរដ្ឋ បានន័យថាប្រជាពលរដ្ឋមួយចំនួនបានផ្តល់ទិន្នន័យមិនត្រឹមត្រូវ ឬ ទិន្នន័យស្មានៗ។ ទន្ទឹមគ្នានោះ ក៏មានករណីដែលប្រជាពលរដ្ឋ កែទិន្នន័យដោយចេតនា ដើម្បីប្រើប្រាស់ក្នុងគោលបំណងផ្សេងៗមានជាអាទិ៍ ព្យាយាមកែដំឡើងអាយុដើម្បីស្នើសុំចូលធ្វើការ ព្យាយាមបន្ថយអាយុមិនទាន់ចង់ចូលនិវត្តន៍ និងកែទិន្នន័យដើម្បីស្នើសុំទិដ្ឋាការ (វីសា) ទៅក្រៅប្រទេសជាដើម។

ចំណែកសំណួរទី២ ត្រូវបានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រំលេចពីមូលហេតុនៃការមិនកែតម្រូវឯកសារជូនពលរដ្ឋតាមការស្នើសុំ ដោយពុំចាំបាច់ទៅតុលាការ ឬស្រាវជ្រាវស៊ើបបញ្ជាក់។ ត្រង់ចំណុចនេះ អគ្គនាយកដ្ឋាន ផ្ដល់ព័ត៌មានមកថា ហេតុផលមួយចំនួនដែលអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មមិនអាចកែតម្រូវទិន្នន័យតាមការស្នើសុំដោយងាយស្រួលបាន គឺផ្អែកតាមគោលការណ៍គ្រឹះនៃការគ្រប់គ្រងប្រជាជនលើសកលលោក និងតាមផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ២០១៧-២០២៦ របស់កម្ពុជា គឺតម្រូវឱ្យ មនុស្សម្នាក់មានអត្តសញ្ញាណតែមួយប៉ុណ្ណោះ។

សេចក្ដីជូនដំណឹងបានបន្ថែមថា ការតម្រូវដូចបានបញ្ជាក់មកនោះ មានគោលបំណងសំខាន់ៗចំនួន៣ រួមមាន ១.ការពារនូវសិទ្ធិរបស់ពលរដ្ឋ ដោយការពារសិទ្ធិលើកម្មសិទ្ធិអចលនទ្រព្យ សិទ្ធិធ្វើដំណើរ សិទ្ធិបោះឆ្នោត សិទ្ធិទទួលកេរមរតក និងសិទ្ធិក្នុងការបើកគណនីធនាគារ។ ២.ធានាប្រសិទ្ធភាពលើការផ្តល់សេវាសាធារណៈដោយផ្តល់សេវាគាំពារសង្គម របបឧបត្ថម្ភផ្សេងៗ ប្រាក់សោធននិវត្តន៍ សេវាសុខភាព និងសេវាអប់រំ។ ៣. ពង្រឹងការអនុវត្តច្បាប់ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពាក់ព័ន្ធនឹងមុខសញ្ញាបទល្មើស ដីកាចាប់ខ្លួន ការអនុវត្តកាតព្វកិច្ច ឬកិច្ចសន្យាផ្សេងៗ (ទិញ លក់អចលនទ្រព្យ កម្ចីធនាគារ ការបង់ពន្ធ)។

ចូលទៅសំណួរទី៣ តើការកែតម្រូវទិន្នន័យអត្តសញ្ញាណបុគ្គលម្នាក់ គឺជាការងាយស្រួល ឬជាបញ្ហាស្មុគស្មាញ? អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានបញ្ជាក់ថា ការកែតម្រូវទិន្នន័យអត្តសញ្ញាណបុគ្គលម្នាក់ មិនមែនសុទ្ធតែស្មុគស្មាញនោះទេ។ ភាពងាយស្រួល ឬស្មុគស្មាញ គឺអាស្រ័យទៅលើកត្តាសំខាន់ចំនួន២ មានជាអាទិ៍

  • ១. អាស្រ័យលើទំហំនៃកំហុសទិន្នន័យ ជាឧទាហរណ៍ ការកែឈ្មោះពី “ចន្ទ អង្គារ” ទៅ “ចន្ទ អង្គារី” ដែលជាកំហុសអក្ខរាវិរុទ្ធតូចតាច។
  • ២. អាស្រ័យលើភាពស្អាតស្អំរបស់បុគ្គលនោះ ដែលបុគ្គលនោះមាន សាវតាល្អស្អាតស្អំ ការកែតម្រូវទិន្នន័យមិនមានបញ្ហាស្មុគស្មាញនោះទេ។ ដោយឡែក បុគ្គលនោះ ជាប់ឈ្មោះក្នុងដីកាតាមចាប់ខ្លួន ឬបណ្តឹងតុលាការ ការកែតម្រូវទិន្នន័យមានលក្ខណៈស្មុគស្មាញ ដែលទាមទារនូវការស្រាវជ្រាវឱ្យបានច្បាស់លាស់។

បញ្ហាប្រវត្តិសាស្រ្ត និងការត្រឡប់ទៅមើលរបត់នៃស្ថានភាពមន្ត្រីនៅតាមមូលដ្ឋាន គឺជាប្រការគួរដឹង នៅពេលយើងនិយាយពីបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គល។  គួររម្លឹកថា ក្រោយដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ខែមករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជាចាប់ផ្ដើមកសាងឡើងវិញពីចំណុចសូន្យដោយបាតដៃទទេ។ ឯកសារសម្គាល់អត្តសញ្ញាណរបស់ប្រជាពលរដ្ឋត្រូវបានបាត់បង់ស្ទើរគ្មានសល់។ ក្នុងស្ថានភាពដែលប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណបុគ្គលត្រូវបានការរៀបចំឯកសារឡើងវិញផ្អែកលើ ការចងចាំ ឬការស្មាន ដោយគ្មានឯកសារសម្អាងច្បាស់លាស់។

ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាល បានបើកយុទ្ធនាការចុះបញ្ជីកំណើតទូទាំងប្រទេសនៅឆ្នាំ២០០២តាមទម្រង់គំរូឯកភាពថ្នាក់ជាតិ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានគូសបញ្ជាក់ពីការជំរុញការងារនេះដោយក្រសួងមហាផ្ទៃ ធ្វើយុទ្ធនាការចល័តផ្តល់សំបុត្រកំណើតតាមខ្នងផ្ទះ ពីខែតុលា ឆ្នាំ២០០៤ ដល់ខែធ្នូ ឆ្នាំ២០០៦ ជាលទ្ធផលប្រជាពលរដ្ឋភាគច្រើនមានសំបុត្រកំណើតប្រើប្រាស់ឡើងវិញ។ ប៉ុន្តែយ៉ាងណាក៏ដោយ យុទ្ធនាការនេះបានបន្សល់នូវបញ្ហាបច្ចេកទេសមួយចំនួនគឺកំហុសទិន្នន័យក្នុងសំបុត្រកំណើតមានចំនួនច្រើនដូចជា ខុសអក្ខរាវិរុទ្ធ ឈ្មោះ ភេទ ខុសថ្ងៃខែឆ្នាំកំណើតជាដើម ។ មកទាល់បច្ចុប្បន្ន ការចុះសំបុត្រកំណើតនៅតែជួបកំហុសជារឿយៗ ដោយសារការងារនៅបន្តអនុវត្តដោយដៃ និងផ្អែកលើព័ត៌មានផ្ទាល់មាត់ ឬការចងចាំរបស់ពលរដ្ឋ ដោយពុំមានឯកសារសម្អាងឡើយ ដែលងាយនឹងមានកំហុសឆ្គង។

៣សំណួរ-២ដំណោះស្រាយ! ប្រឈមនឹងចំណោទបញ្ហា ដូចបញ្ជាក់ក្នុងសំណួរទាំង៣ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងនូវដំណោះស្រាយចំពោះមុខ និងសម្រាប់អនាគត។ ក្នុងនោះ ចាប់តាំងពីឆ្នាំ២០១៧ មកទល់បច្ចុប្បន្ន អគ្គនាយកដ្ឋានបានអះអាងថាខ្លួន បានសម្រេចកែតម្រូវទិន្នន័យបានចំនួន ១៤៨.៨២៩ នាក់ រួចមកហើយ និងកំពុងបន្តជំរុញការស្រាវជ្រាវ និងស៊ើបបញ្ជាក់លើករណីស្មុគស្មាញស្របតាមច្បាប់ជាច្រើនទៀត។

សម្រាប់ដំណោះស្រាយចំពោះមុខ (រយៈពេលខ្លី) អគ្គនាយដ្ឋាន កំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តបន្ថែម និងអភិវឌ្ឍកម្មវិធីតាមប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីផ្តល់សមត្ថកិច្ចដល់មន្ត្រីអត្រានុកូលដ្ឋានថ្នាក់ក្រុង-ស្រុក-ខណ្ឌ ថ្នាក់រាជធានី-ខេត្ត និងថ្នាក់ជាតិ ក្នុងការពិនិត្យសម្រេចកែតម្រូវទិន្នន័យអត្រានុកូលដ្ឋានបានតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា។ ដំណោះស្រាយនេះ អាចកាត់បន្ថយពេលវេលាផ្ញើឯកសារចុះឡើង និងអាចចេញឯកសារជូនប្រជាពលរដ្ឋបានលឿនជាងមុន។ ចំពោះរយៈពេលដែលដាក់ឱ្យអនុវត្តអាចនឹងចាប់ផ្តើមនៅក្នុងអំឡុង ត្រីមាសទី១ ឆ្នាំ២០២៦។

ចុះសម្រាប់ដំណោះស្រាយនាថ្ងៃអនាគត ឬរយៈពេលវែង? អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអះអាងថាខ្លួន កំពុងសិក្សាលើជម្រើសនៃការផ្ទៀងផ្ទាត់ទិន្នន័យដោយខ្លួនឯងតាមអនឡាញ (Self-verification) ដើម្បីពន្លឿនសម្អាតទិន្នន័យដែលនៅសេសសល់សម្រាប់ប្រជាពលរដ្ឋដែលមានកំហុសទិន្នន័យ។ ដោយឡែកសម្រាប់ទារកកកើតថ្មី អគ្គនាយកដ្ឋានបាននិងកំពុងសាកល្បងដាក់ឱ្យដំណើរការការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធជូនដំណឹងពីប្រព័ន្ធសុខាភិបាលមកកាន់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្តសញ្ញាណកម្មដែលអាចកាត់បន្ថយកំហុសជាច្រើន៕

ដោយ កញ្ញា សេង សុខហ៊ុន

Share.